(វ៉ាស៊ីនតោន)៖ នៅថ្ងៃពុធសប្ដាហ៍នេះអ៉ីរ៉ង់បានបើកការវាយប្រហារ ដោយគ្រាប់មីស៊ីលរាប់សិបគ្រាប់លើមូលដ្ឋានអាមេរិក អេនអាល់អាស្សាដ (Ayn al-Asad) ស្ថិតនៅភាគខាងលិចខេត្ត អាន់បារ (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅទីក្រុង អឺប៊ីល (Erbil) នៅក្នុងប្រទេសអ៉ីរ៉ាក់។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានអះអាងថា យោធាអាមេរិក ៨០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ (តែក្រោយមកប្រភពការទូតអ៉ីរ៉ង់នៅ UN ថាគ្មានមនុស្សណាម្នាក់ស្លាប់ក្នុងការវាយប្រហារ របស់ខ្លួននោះទេ) មិនតែប៉ុណ្ណោះក៏បានព្រមានដែរថា អ៉ីរ៉ង់នឹងវាយប្រហារលើទីតាំងឈរជើងរបស់អាមេរិកចំនួន ១០០កន្លែងផ្សេងទៀត បូករួមទាំងអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម ឬសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ បើសិនជាសហរដ្ឋអាមេរិក បើកវាយប្រហារសងសឹកលើអ៉ីរ៉ង់។

ស្ថានភាពតានតឹងរវាងប្រទេសទាំង ២ ហាក់ដូចជាធូរស្រាលបន្តិច បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា គ្មានកងទ័ពអាមេរិកណាម្នាក់ស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយ គ្រាប់មីស៊ីលរបស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់នោះទេ។ ដូច្នេះហើយអាមេរិកមិនចាំបាច់ប្រើប្រាស់កម្លាំងយោធាបន្ថែម ដើម្បីវាយប្រហារសងសឹក លើទីក្រុងតេហេរ៉ង់វិញនោះឡើយ។

យ៉ាងណាក៏ដោយគោលជំហររបស់លោក ត្រាំ បានផ្ទុយទាំងស្រុងទៅនឹងការ គំរាមកំហែងរបស់លោកដែលថា នឹងបើកការវាយប្រហារលើមូលដ្ឋាន ឬទីតាំងឈរជើងរបស់អ៉ីរ៉ង់ ៥២កន្លែង នៅក្នុងករណីមានការវាយប្រហារណាមួយ លើមូលដ្ឋានទ័ពអាមេរិក។ ការថយមួយជំហានរបស់លោក ត្រាំ អាចមកពីអ៉ីរ៉ង់នៅមានប្រយោជន៍សម្រាប់លោក ប្រើប្រាស់ ជាគោលនយោបាយឃោសនារកសំឡេងឆ្នោត នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០ រីឯអ៉ីរ៉ង់ផ្ទាល់ក៏មិនហ៊ានបង្កជម្លោះដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិកដែរ ព្រោះដឹងខ្លួនច្បាស់ថា មិនមែនជាដៃគូរបស់អាមេរិក ឬអាចនិយាយម្យ៉ាងទៀតបានថា សង្រ្គាមជាមួយវ៉ាស៊ីនតោនមានន័យស្មើនឹង របបដឹកនាំទីក្រុងតេហេរ៉ង់សព្វថ្ងៃ យកកាំភ្លើងផ្ជុងក្បាលខ្លួនឯង។

* ហេតុអ្វីបានជាអ៉ីរ៉ង់មិនចង់ប្រឈមមុខដោយផ្ទាល់ជាមួយអាមេរិក?

តាមការពិតទៅ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើសង្រ្គាមដោយប្រយោលនឹងគ្នា នៅក្នុងតំបន់មជ្ឈិមបូព៌ាអស់រយៈពេលជាង ៤០ឆ្នាំមកហើយ ហើយគេអាចមើលឃើញយ៉ាង ច្បាស់ពីជម្លោះរវាងប្រទេសទាំង ២ តាមរយៈសង្រ្គាមនៅយ៉េមែនស៊ីរី ព្រមទាំងអ៉ីរ៉ាក់ជាដើម ជាទីដែលអ៉ីរ៉ង់បាននិងកំពុងបង្វឹក ក៏ដូចជាបំពាក់អាវុធដល់កងជីវពលនិកាយស៊ីអ៊ីត ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន និងប្រឆាំងវត្តមានសហរដ្ឋអាមេរិកនៅក្នុងតំបន់។

ជម្លោះរវាងអាមេរិក និងអ៉ីរ៉ង់ ជួនកាលក៏តានតឹងដល់កំពូល ហើយពេលខ្លះក៏ធូរស្រាលមកវិញ រហូតដល់អ្នកខ្លះនិយាយថា ពួកគេកំពុងលេងល្បែងឆ្មាចាប់កណ្ដុរ។ និយាយពីអ៉ីរ៉ង់វិញ បើតាមការបញ្ជាក់របស់លោក ត្រាំ ដែលថា គ្មានទ័ពអាមេរិកណាម្នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីល ១៦គ្រាប់លើមូលដ្ឋាន Ayn al-Asad ស្ថិតនៅភាគខាងលិចខេត្ត Anbar និងមូលដ្ឋានទ័ពមួយទៀតនៅទីក្រុង Erbil នៃប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃពុធមានន័យថា ការវាយប្រហារនេះគ្រាន់តែជាធ្វើឡើងឱ្យតែបានៗប៉ុណ្ណោះ ដោយអ៉ីរ៉ង់ក៏មិនហ៊ានវាយប្រហារលើអាមេរិក រហូតដល់ទៅផ្ទុះជាសង្រ្គាមនោះទេ។ តែជាកាត្វកិច្ច អ៉ីរ៉ង់ចាំបាច់ត្រូវតែចាត់វិធានការសងសឹកឱ្យវិញ្ញាណក្ខន្ធលោកមេទ័ព Qasem Soleimani ដែលត្រូវបានប្រជាជនអ៉ីរ៉ង់ចាត់ទុកថា ជាវិរៈបុរសពោលគឺមិនអាចឱ្យមេទ័ពរបស់ខ្លួន ស្លាប់ទៅដោយទទេៗឡើយ។

នៅពេលដែលកូនស្រីរបស់លោក Soleimani សួរថា «តើនរណាជាអ្នកសងសឹកឱ្យឪពុករបស់ខ្ញុំ» លោកប្រធានាធិបតីអ៉ីរ៉ង់ ហាសាន់ រូហានី បានឆ្លើយថា គឺយើងទាំងអស់គ្នាជាអ្នកសងសឹងឱ្យវិញ្ញាណក្ខន្ធរបស់លោក។ ក៏ប៉ុន្តែអ៉ីរ៉ង់អាចធ្វើបានខ្លះទៅ ប្រឈមមុខនឹងជាមួយសហរដ្ឋអាមេរិក ដែលជាមហាអំណាចយោធាលេខមួយនៅលើពិភពលោក?

និយាយឱ្យងាយស្ដាប់ទៅ ការសងសឹកគឺត្រូវតែសងសឹក តែមិនមែនរហូតដល់បង្កទៅជាសង្រ្គាមដោយផ្ទាល់ ជាមួយអាមេរិកនោះទេ ដ្បិតថ្នាក់ដឹកនាំអ៉ីរ៉ង់ដឹងការពិតជាងនរណាៗទាំងអស់ថា កងទ័ពរបស់ខ្លួនរួមទំាងកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ មិនមែនជាដៃគូរបស់អាមេរិកនោះទេ ហើយសង្រ្គាមជាមួយអាមេរិកកាំង មានន័យស្មើនឹងយកកាំភ្លើងផ្ជុងក្បាលខ្លួនឯងតែប៉ុណ្ណោះ។

ដូច្នេះសរុបសេចក្តីមក ជាជាងការធ្វើសង្រ្គាមមែនទែនដោយផ្ទាល់ អ៉ីរ៉ង់អាចនឹងបន្តប្រើប្រាស់យុទ្ធសាស្ត្រ ដោយញុះឱ្យកងជីវពលនិកាយស៊ីអ៉ីតរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ាដឹកនាំសកម្មភាពវាយប្រហារ ឬបំផ្លាញ ផលប្រយោជន៍អាមេរិក ជាពិសេសនៅក្នុងប្រទេសអ៉ីរ៉ាក់តែម្ដង។ យុទ្ធសាស្ត្របែបនេះវាបានបង្ហាញរួចទៅហើយ បន្ទាប់ពីមានការបាញ់រ៉ុក្កែតជាច្រើនគ្រាប់ លើតំបន់ស្ថិតនៅក្បែរស្ថានទូតអាមេរិក ប្រចាំទីក្រុងបាកដាដ កាលពីប៉ុន្មានថ្ងៃមុននេះ ហើយលើសពីនេះទៅទៀត ដើម្បីបង្កការស្មុគស្មាញដល់អាមេរិក ទីក្រុងតេហេរ៉ង់អាចនឹងបន្ត រឹតត្បិតផ្លូវចេញចូលច្រកសមុទ្រ ហ័រមឹស (Hormuz)៕