(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដាជឿជាក់ថា គ្រាប់មីស៊ីលអ៉ីរ៉ង់បានបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន កាលពីថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០ ដែលអាចជាការចាប់សញ្ញាច្រឡំមួយ ខណៈអ៉ីរ៉ង់ទើបតែប្រុងជើងការបន្ថែម បន្ទាប់ពីខ្លួនបានធ្វើការវាយប្រហារដោយគ្រាប់មីស៊ីល ទៅលើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងទឹកដីនៃប្រទេសអ៉ីរ៉ាក់ ។ នេះបើតាមការចេញផ្សាយដោយ CNN នាព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។

ក្នុងការចោទប្រកាន់អ៉ីរ៉ង់ខាងលើនេះ គឺក្រុមស៊ើបការណ៍សម្ងាត់ជាតិអាមេរិក និងកាណាដា បានធ្វើការអង្កេតទៅលើខ្សែវីដេអូមួយ ដែលត្រូវបានគេអះអាងថា បានថតនៅកំឡុងពេល ដែលយន្តហោះអ៊ុយក្រែនដឹកមនុស្ស១៧៦នាក់ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ នៃរដ្ឋធានីតេហេរ៉ង់កាលពីម៉ោង ៦៖១២នាទីព្រឹកថ្ងៃពុធ ទី០៨ ខែមករា (ម៉ោងនៅតេហេរ៉ង់)។ នៅក្នុងវីដេអូនោះ គឺជាសកម្មភាពគ្រាប់មីស៊ីលហោះចេញ និងបុកជាមួយវត្ថុនៅលើអាកាស ស្ថិតនៅជាយរដ្ឋធានីតេហេរ៉ង់តែម្តង។

បន្ថែមពីខាងលើនេះ នៅពេលអាជ្ញាធរអ៉ីរ៉ង់ ប្រកែកមិនព្រមប្រគល់ប្រអប់ខ្មៅ នៃយន្តហោះ Boeing 737-800 ឲ្យផ្នែកស៊ើបអង្កេតអន្តរជាតិ វាហាក់កាន់តែធ្វើឲ្យការសង្ស័យកើនឡើងថា គ្រាប់មីស៊ីលអ៉ីរ៉ង់ពិតជាបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ របស់អាកាសរណ៍អន្តរជាតិអ៊ុយក្រែននោះមែន។

ប្រទេសកាណាដាបានបាត់បង់ប្រជាជនរហូតដល់ទៅ៦៣នាក់ នៅក្នុងការធ្លាក់យន្តហោះអ៊ុយក្រែន នៅអ៉ីរ៉ង់ ហើយនាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានអំពាវនាវឲ្យមានការស៊ើបអង្កេតជាក់លាក់លើករណីនេះ ខណៈភ្នាក់ងារស៊ើបអង្កេតរបស់កាណាដាផ្ទាល់ បានជឿជាក់រួចទៅហើយថា យន្តហោះនោះត្រូវបានបាញ់ទម្លាក់ដោយគ្រាប់មីស៊ីលរបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង១៧៦នាក់ មានពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់,ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់ និងអង់គ្លេស ០៣នាក់។ ចំណែកឯស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសអ៉ីរ៉ង់ ក៏បានអះអាងកាលពីដំណាក់កាលដំបូងថា មូលហេតុនៃការធ្លាក់យន្តហោះមួយគ្រឿងធុន Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) នៅជាយរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៉ីរ៉ង់ គឺមិនមែនជា ដោយសារវាយប្រហារភេរវកម្ម ឬមួយក៏គ្រាប់មីស៊ីលនោះទេ៕