(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតអនុម័តហើយ ដោយគាំទ្រលើដំណោះស្រាយមួយ មានគោលដៅរារាំងមិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បង្កឬធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ដោយមិនមានការអនុញ្ញាតពីសភា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។

ដំណោះស្រាយខាងលើ ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ២៤៤ ទល់នឹង ១៩៤សំឡេង ប៉ុន្តែនៅត្រូវរង់ចាំមើលការសម្រេចចិត្តពីព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ ជាបន្តទៀត។ បន្ថែមពីលើនេះ បើតាមខាងបក្សប្រជាធិបតេយ្យ ដំណោះស្រាយនេះនឹងផ្ដល់សិទ្ធិឱ្យសភាអាមេរិក គឺជាអ្នកអនុញ្ញាតរាល់ជម្លោះ ឬសង្រ្គាមជាមួយទីក្រុងតេហេរ៉ង់ លើកលែងតែក្នុងករណីដែលមានការវាយប្រហារភ្លាមៗប្រឆាំងនឹងអាមេរិក ទើបលោក ត្រាំ អាចបញ្ជាឱ្យប្រើប្រាស់កម្លាំងយោធាជាការឆ្លើយតប។

គួរបញ្ជាក់ថា បើតាមច្បាប់ 1973 War Powers Act សភាទាំងពីររបស់អាមេរិក (រដ្ឋសភា និងព្រឹទ្ធសភា) មានសិទ្ធិត្រួតពិនិត្យលើអំណាចរបស់ប្រធានាធិបតីក្នុងការ ធ្វើសង្រ្គាមជាមួយបណ្ដាប្រទេសដទៃ។ ប៉ុន្តែវានៅតែមានសំនួរមួយ ដែលមិនទាន់មានចម្លើយ នោះថាតើសភាអាមេរិកអាចប្រើប្រាស់ដំណោះស្រាយមួយ ដើម្បីរារាំងប្រធានាធិបតីមិនឱ្យធ្វើសង្រ្គាម ឬបង្កជម្លោះដែរ ឬក៏យ៉ាងណានោះទេ ខណៈលោកស្រី Nancy Pelosi ដែលជាប្រធានសភាតំណាងរាស្ត្រនិយាយថា លោកស្រីមិនជឿឡើយថា លោក ត្រាំ ធ្វើឱ្យសហរដ្ឋអាមេរិកមានសុវត្ថិភាព បន្ទាប់ពីលោកបញ្ជាឱ្យសម្លាប់មេទ័ពអ៉ីរ៉ង់ លោក កាស្សេម សូឡៃមេនី (Qasem Soleimani) នៅក្នុងទីក្រុងបាកដាដ កាលពីសប្ដាហ៍មុន៕