(បាងកក)៖ មនុស្សធំពីរនាក់ និងកូនក្មេងអាយុ២ឆ្នាំម្នាក់បានបាត់បង់ជីវិត ព្រមទាំង៤នាក់នាក់ទៀតបានរងរបួស នៅពេលខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពប្លន់ហាងលក់មាសមួយកន្លែង នៅខេត្ត Lupburi ភាគកណ្តាលប្រទេសថៃ កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។

ហេតុការណ៍ខាងលើបានកើតឡើងនាវេលាម៉ោង០៨៖៤៤នាទីយប់ថ្ងៃព្រហស្បតិ៍ នៅហាងលក់មាស Aurora ក្នុងមជ្ឈមណ្ឌលលក់ទំនិញ Robinson នៅស្រុក Muang នៃខេត្ត Lupburi របស់ថៃ។ បើតាមការបញ្ជាក់របស់អាជ្ញាធរថៃ នៅពេលទៅដល់ហាងមាសនោះ ខ្មាន់កាំភ្លើង បានធ្វើសកម្មភាពបាញ់ប្រហារទៅលើបុគ្គលិកហាង ព្រមទាំងអ្នកដែលដើរនៅក្បែរនោះ បណ្តាលឲ្យនារីម្នាក់ និងបុរសសន្តិសុខម្នាក់ ដែលជាបុគ្គលិកហាងមាស រួមជាមួយកូនក្មេងអាយុពីរឆ្នាំម្នាក់បាត់បង់ជីវិត ហើយមនុស្ស៤នាក់ទៀតរងរបួស។ ក្រោយមក ខ្មាន់កាំភ្លើង​​នោះ ក៏បានច្បាមយកខ្សែកមាសសរុបតម្លៃខ្ទង់៥០០,០០០បាត (១៦,៥០០ដុល្លារអាមេរិក) យកទៅ ហើយឡើងម៉ូតូម៉ាក Yamaha Fino ​ដែលពុំមានស្លាកលេខគេចខ្លួនបាត់។

គួរជម្រាបថា នៅថ្ងៃសុក្រនេះ ប៉ូលិសថៃបានប្រកាសផ្តល់ប្រាក់រង្វាន់៥០០,០០០បាត សម្រាប់ព័ត៌មានឈានដល់ការចាប់ខ្លួនចោរប្លន់ម្នាក់​នោះ។ នៅពេលធ្វើសកម្មភាពខាងលើ ខ្មាន់កាំភ្លើងនោះបានពាក់ស្រោមបិទមុខ ពាក់អាវពណ៌ខ្មៅ និងស្លៀកខោប៉ារ៉ា ហើយកាំភ្លើងខ្លីដែល​​ជននោះប្រើ មានបំពាក់ប្រដាប់ខ្ទប់សំឡេងថែមទៀតផង៕