(បាកដាដ)៖ សមាជិកសភាអ៉ីរ៉ាក់ ជាច្រើននាក់បាននិយាយថា ទីក្រុងបាកដាដ កំពុងពិចារណាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី ខណៈទីក្រុងម៉ូស្គូ កំពុងពង្រីក វត្តមានរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា និងចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ាក់ កំពុងល្អក់កករនឹងគ្នា បន្ទាប់ពីយោធាអាមេរិកដឹកនាំការវាយប្រហារតាមផ្លូវ អាកាសផ្ដាច់ជីវិតមេទ័ពអ៊ីរ៉ង់ លោក Qassem Soleimani កាលពីសប្ដាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Wall Street Journal នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០។

យោងតាមក្រុមសមាជិកសភាអ៉ីរ៉ាក់ រដ្ឋាភិបាលបានសម្រេចចិត្តចាប់ផ្ដើម និងពន្លឿនកិច្ចចរចាឡើងវិញ ជាមួយរុស្ស៊ីដើម្បីទិញ S-400 ឆ្លើយតបទៅនឹងការព្រួយបារម្ភខា្លចក្រែង សហរដ្ឋអាមេរិក ដកការគំាទ្ររបស់ខ្លួនចំពោះទីក្រុងបាកដាដ នៅថ្ងៃអនាគត។ លោក Karim Elaiwi ដែលជាសមាជិកនៃគណៈកម្មាធិការសន្តិសុខ និងការពារជាតិនៃសភាអ៉ីរ៉ាក់ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងកំពុងស្ថិតនៅក្នុងកិច្ចសន្ទនាជាមួយរុស្ស៊ី ពាក់ព័ន្ធនឹងរឿងទិញ S-400 ប៉ុន្តែពុំទាន់មានកិច្ចសន្យា ឬកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខា នៅឡើយទេ។ បច្ចុប្បន្ន យើងត្រូវការប្រព័ន្ធមីស៊ីលរុស្ស៊ី ជាពិសេសគឺបន្ទាប់ពីសហរដ្ឋអាមេរិក ធ្វើឱ្យយើងខកចិត្តជាច្រើនដង ដោយមិនជួយពួកយើងឱ្យទទួលបានអាវុធ ដ៏ពិតប្រាកដ»

គួរជម្រាបថា ភាពតានតឹងរវាងទីក្រុងបាកដាដ និងទីក្រុងវ៉ាស៊ីនតោន បានផ្ទុះឡើង ក្រោយអាមេរិក ដឹកនាំការវាយប្រហារតាមផ្លូវអាកាសផ្ដាច់ជីវិតមេទ័ពអ៊ីរ៉ង់ លោក Qassem Soleimani កាលពីសប្ដាហ៍មុន នៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ។ មរណភាពរបស់លោក Soleimani បានធ្វើឱ្យអ៊ីរ៉ង់ខឹងសម្បារជាខ្លាំង រហូតដល់បាញ់ មីស៊ីលរាប់សិបគ្រាប់លើមូលដ្ឋានទ័ពអាមេរិកពីរកន្លែងនៅលើទឹកដីអ៊ីរ៉ាក់ ហើយក្រោយការប្រឈមមុខដាក់គ្នានេះដែរ សមាជិកសភា និងក្រុមមន្ត្រីជាន់ខ្ពស់អ៉ីរ៉ាក់ ត្រូវបាន គេរាយការណ៍នៅក្នុងសប្ដាហ៍នេះថា បានបើកកិច្ចចរចាឡើងវិញជាមួយរុស្ស៊ី ដើម្បីទិញ S-400 យកមកពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន៕