(បាងកក)៖ ប៉ូលិសថៃបានអះអាងថា បាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ មានអ្នកចូលរួមប្រមាណ ១២,៧៤៥នាក់ ខណៈសន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង នៅក្នុងរាជធានី ដែលធ្លាប់ទទួលរងការបំផ្ទុះគ្រាប់បែកជាច្រើនករណីនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រជាពលរដ្ឋថៃជាច្រើនបានប្រមូលផ្តុំគ្នា នៅក្នុងរាជធានីបាងកក ដែលវាត្រូវបានគេមើលឃើញថា ជាការសម្តែងសកម្មភាព ប្រឆាំងរដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា យ៉ាងធំធេងបំផុតមិនធ្លាប់មាន ប៉ុន្តែក៏មានក្បួនប្រជាពលរដ្ឋមួយផ្សេងទៀត ដែលបានប្រមូលផ្តុំ ដើម្បីសម្តែងការគាំទ្រ ចំពោះលោក ប្រាយុទ្ធ នៅក្នុងថ្ងៃដដែលនោះដែរ។

ប្រជាពលរដ្ឋថៃបានប្រមូលផ្តុំគ្នា នៅឯឧទ្យានធំមួយក្នុងទីក្រុងបាងកក តាំងតែពីពេលថ្ងៃមិនទាន់រះម្ល៉េះ។ ពួកគេបានស្លៀកសំលៀកបំពាក់ជាអត្តពលិក ជាមួយស្បែកជើងប្រកបដោយពណ៌ចំរុះ ដើម្បីសម្តែងការប្រឆាំងទៅ «របបផ្តាច់ការ» ដែលពួកគេចោទទៅលើនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ប្រាយុទ្ធ ចាន់អូចា។

គួរបញ្ជាក់ថា បាតុករភាគច្រើនបានស្រែកថា «ប្រាយុទ្ធ ចុះចេញទៅៗ! ប្រជាធិបតេយ្យយូរអង្វែងៗ!» ខណៈពួកគេកំពុងដើរដង្ហែរក្បួន ក្នុងរយៈចម្ងាយផ្លូវ ២.៦គីឡូម៉ែត្រ បើទោះបីជាកងកម្លាំងការពារសន្តិសុខ បានព្យាយាមហាមឃាត់យ៉ាងណាក៏ដោយ។ ក្រុមអ្នកតវ៉ាបានក៏បានលើករូបថត មេបក្សប្រឆាំងធំមួយ ដែលត្រូវបានតុលាការថៃសម្រេច ដកចេញពីសមាជិកសភាផងដែរ យកធ្វើជាឧទាហរណ៍នៃការបាត់បង់លទ្ធិប្រជាធិបតេយ្យ៕