(ម៉ានីល)៖ មនុស្សជិត ៥០,០០០នាក់ ដែលរស់នៅជិតភ្នំភ្លើងមួយកន្លែង កៀកនឹងរដ្ឋធានីម៉ានីល បានជម្លៀសខ្លួនចេញពីទីនោះ តាមការណែនាំរបស់អាជ្ញាធរហ្វីលីពីន ក្រោយមានការផ្ទុះជះកម្អែរផេះយ៉ាងធំសម្បើម កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី និងភ្នំភ្លើងរបស់ហ្វីលីពីន ហ្វីវូកស៍ (Phivolcs) បានដំឡើងកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើងឈ្មោះថា ថាអាល (Taal) នៅឯក្រុង ថាលីសេយ (Talisay) ក្នុងខេត្តបាតាងហ្គាស (Batangas) ចម្ងាយប្រហែល ៦៦គីឡូម៉ែត្រភាគខាងត្បូងទីក្រុងម៉ានីល ទៅដល់កម្រិតទី ៤ ខណៈកម្រិត ៥ ជាកម្រិតខ្ពស់បំផុត។ វាមានន័យថា លទ្ធភាពនៃការផ្ទុះយ៉ាងគ្រោះថ្នាក់ អាចនឹងកើតមានឡើងក្នុងរយៈពេលប៉ុន្មានម៉ោង ឬមួយក៏ប៉ុន្មានថ្ងៃខាងមុខ។

អភិបាលក្រុង Talisay លោក ហ្គែរី ណាថាណួន (Gerry Natanuan) បានឲ្យដឹងថា មនុស្សជិត ៥ម៉ឺននាក់ដែលរស់នៅក្បែរភ្នំភ្លើង Taal ដែលជាទីតាំងទេសចរណ៍ យ៉ាងមានប្រជាប្រិយមួយ បានជម្លៀសខ្លួនចាប់តាំងពីយប់ថ្ងៃអាទិត្យ ខណៈមួយចំនួនតូចដែលពុំទាន់ចេញ នឹងត្រូវបង្ខំឲ្យចេញដើម្បីសុវត្ថិភាព។ ការផ្ទុះបញ្ចេញផ្សែង និងផេះនៃភ្នំភ្លើងនោះបានបង្កឲ្យកម្ទេចផេះធ្លាក់នៅតំបន់ជុំវិញ។

ទីភ្នាក់ងារ Phivolcs បានកត់ត្រាការញ័ររញ្ជួយដោយសារភ្នំភ្លើង Taal សរុប ៥២លើក គិតត្រឹមម៉ោង ១២៖៤៩នាទីរំលងអាធ្រាត្រឈានចូលថ្ងៃចន្ទនេះ ហើយមុនព្រឹកព្រលឹមថ្ងៃចន្ទនេះ វាបានបញ្ចេញកម្អែរភ្លើងខ្លះ និងបន្តជះផេះយ៉ាងធំសម្បើមឡើងទៅលើផ្ទៃមេឃដដែល។

គួរជម្រាបថា Taal គឺជាភ្នំភ្លើងដែលអស្ថិរភាពបំផុតមួយក្នុងចំណោមភ្នំភ្លើងសកម្មប្រហែល ២៤ នៅទូទាំងប្រទេសហ្វីលីពីន ហើយវាធ្លាប់បានផ្ទុះ ៣៤លើកមកហើយ៕