(ហ្សាការតា)៖ វាដូចជាការរំពឹងទុកមួយផងដែរ ព្រោះប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ទើបតែបានបង្ហើបថា លោក សេនឌាហ្គា សាឡាហ៊ូដឌីន យូណូ (Sandiaga Salahuddin Uno) អាចនឹងបន្តវេនពីលោកនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។

ការលើកឡើងរបស់លោក ចូកូវី (Jokowi) ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ នៅពេលលោកធ្វើជាអធិបតី នៅក្នុងកម្មវិធីប្រគល់រង្វាន់ ជូនដល់សមាគមពាណិជ្ជករវ័យក្មេង នៃប្រទេសឥណ្ឌូណេស៊ី (HIPMI) នៅក្នុងរដ្ឋធានីហ្សាការតា។ ក្នុងឱកាសនោះលោក Jokowi បានលើកឡើងយ៉ាងដូច្នេះថា «ប្រធាន HIPMI បានលើកឡើងមុននេះរួចទៅហើយថា បេក្ខភាព (ប្រធានាធិបតី) សម្រាប់ឆ្នាំ២០២៤ ស្ថិតនៅទីនេះ... គឺជាបេក្ខភាពដែលនឹងអាចបន្តវេនពីខ្ញុំ ហើយខ្ញុំជឿជាក់ថា នេះគឺជាការពិត។ ខ្ញុំនឹងមិនបញ្ជាក់ច្បាស់ថាជាអ្នកណានោះទេ ប៉ុន្តែលោកបានឈរនៅទីនេះហើយ...»។ គ្រប់គ្នាក្នុងកម្មវិធីបានទះដៃឡើង ដោយដឹងថា លោកប្រធានាធិបតីឥណ្ឌូណេស៊ី បាននិយាយដោយសំដៅលើលោក Uno។

គួរបញ្ជាក់ថា លោក Sandiaga Salahuddin Uno អាយុ ៥១ឆ្នាំ បានធ្វើជាដៃគូជាមួយលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) ដើម្បីដណ្តើមតំណែងប្រធានាធិបតីពីលោក Jokowi កាលពីការបោះឆ្នោតក្នុងខែមេសា ឆ្នាំ២០១៩ ហើយបើសិនជាកាលណោះបក្សលោក Subianto ជាអ្នកឈ្នះឆ្នោតវិញ លោក Uno បច្ចុប្បន្ននឹងមានតំណែងជា អនុប្រធានាធិបតីឥណ្ឌូណេស៊ីមិនខាន។ លោក Uno ដែលជាពាណិជ្ជករដ៏ល្បីល្បាញមួយរូប និងធ្លាប់ធ្វើជាអភិបាលរងទីក្រុងហ្សាការតា នេះគឺជាមហាសេដ្ឋីមួយរូបនៅឥណ្ឌូណេស៊ី និងធ្លាប់ធ្វើជាប្រធាននៃសមាគម HIPMI ផងដែរ៕