(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្ត Lexus ក៏ដូចជា Toyota (Toyota ជាក្រុមហ៊ុនធំរបស់ Lexus) បានរួមគ្នាបង្កើតរចនាឡើងនូវ Concept គួរឲ្យចាប់អារម្មណ៍មួយចំនួន ស្តីពីយានជំនិះនៅលើឋានព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Edgadget នារសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។

Concept យានជំនិះសរុបចំនួន ០៧ ត្រូវបានបង្កើតឡើងដោយស្ទូឌីយ៉ោ ផ្នែកខាងរចនាម៉ូដរបស់ក្រុមហ៊ុនផលិតរថយន្តទាំងពីរ សាខាប្រចាំនៅអឺរ៉ុប សម្រាប់ទស្សនាវដ្តី Document Journal។ ក្នុងចំណោម Concept ទាំង ០៧ គំរូរចនាដែលលេចធ្លោជាងគេមួយហៅថា Zero Gravity ត្រូវបាន ជ្រើសរើសយកទៅចុះផ្សាយក្នុងទស្សនាវដ្តីនោះ។ Concept «Zero Gravity» នេះ គឺជាយានជំនិះមានរូបរាងដូចជាម៉ូតូយន្ត ក៏ប៉ុន្តែមិនមានកង់នោះទេ ដែលអ្នករចនាវាឡើងទំនងចង់ប្រើទ្រឹស្តីបច្ចេកវិទ្យាហៅថា Magnetic levitation (បណ្តែតខ្លួនដោយប្រើកម្លាំងម៉ាញេទិច)។

គួរជម្រាបថា គំរូរចនាដទៃៗទៀត ក៏សុទ្ធតែគួរឲ្យចាប់អារម្មណ៍ដូចគ្នា រួមមានដូច Lexus Comos ដែលទំនងជាយានសម្រាកសំកាំងខ្លួនលើផ្ទៃអាកាសព្រមទាំង Bouncing Moon Roller, Lexus Lunar Cruiser និង Lexus Moon Racer ដែលទំនងជាយានសម្រាប់បើកបរផ្ទាល់លើផ្ទៃដី និង Lexus Lunar Mission ដែលជាយានអវកាសសម្រាប់ដឹកមនុស្សពីផែនដីទៅកាន់ព្រះច័ន្ទ។ ដោយឡែកអ្វីដែលប្រាកដពេលនេះ ពួកវាគ្រាន់តែជាការស្រមើស្រម៉ៃ របស់អ្នករចនាម៉ូដយានជំនិះ របស់ក្រុមហ៊ុនផលិតរថយន្ត Lexus និង Toyota ប៉ុណ្ណោះ ដោយយានជំនិះពិតប្រាកដដែល ត្រូវប្រើនៅឋានព្រះច័ន្ទនាពេលអនាគត ច្បាស់ជានឹងមានរូបរាងធម្មតាៗជាងអ្វីទាំងអស់នេះ៕