(អង់គ្លេស)៖ លោក ថូនី ហល (Tony Hall) ដែលជាអគ្គនាយក នៃបណ្តាញផ្សព្វផ្សាយព័ត៌មាន BBC ដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស នៅទីបំផុតបានប្រកាសហើយថា លោកនឹងលាលែងចេញពីតួនាទីនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាល្ងាចថ្ងៃចន្ទ ទី២០ ខែមករា ឆ្នា២០២០។

ការចេញផ្សាយព័ត៌មានស្តីអំពីការលាលែងរបស់លោក Hall ត្រូវបានធ្វើឡើយ ក្រោយពីមានសារអ៊ីម៉ែលមួយបានបញ្ជូនដល់បុគ្គលិករបស់ BBC នៅថ្ងៃចន្ទនេះតែម្តង។ នៅក្នុងសារនោះបានបញ្ជាក់ថា លោក Hall នឹងលាលែងពីតំណែង នៅអំឡុងរដូវក្តៅឆ្នាំ២០២០ (ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា) ហើយបន្ទាប់មកទៀតអគ្គនាយកថ្មីរបស់ BBC នឹងត្រូវតែងតាំង ឲ្យបានមុនការរៀបចំគោលការណ៍ថ្មី នៃស្ថាប័នមួយនេះនៅឆ្នាំ២០២២។

លោក Hall បានសរសេរយ៉ាងដូច្នេះថា «វាពិតជាការសម្រេចចិត្តដ៏លំបាកបំផុតមួយ សម្រាប់រូបខ្ញុំ...។ ខ្ញុំស្រឡាញ់ BBC... ប្រសិនបើខ្ញុំដើរតាមបេះដូងរបស់ខ្ញុំនោះ ខ្ញុំប្រាកដជាមិនចាកចេញពី BBC នោះឡើយ...»។ លោក Hall ត្រូវបានគ្រប់គ្នាកោតសរសើរជាខ្លាំង អំឡុងនៃការដឹកនាំស្ថាប័ន BBC រយៈពេល ០៧ឆ្នាំមកនេះ ហើយគ្រប់គ្នាចាត់ទុកលោកជាមេដឹកនាំប្រកបដោយការច្នៃប្រឌិត និងជម្រុញការអភិវឌ្ឍយ៉ាងខ្លាំងក្លានៅក្នុងស្ថាប័ន៕