(តូក្យូ)៖ រដ្ឋមន្រ្តីសុខាភិបាលជប៉ុន លោក Kato Katsunobu នាថ្ងៃអង្គារនេះ បានប្រកាសឲ្យដឹងអំពី ករណីអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីចំនួន ពីរនាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនករណីសរុបកើនដល់០៦ ហើយក្នុងចំណោមករណីថ្មីទាំងពីរ មានម្នាក់មិនធ្លាប់បានធ្វើដំណើរទៅកាន់ ទីក្រុង Wuhan របស់ចិនឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។

បើតាមលោក Kato អ្នកឆ្លងវីរុសម្នាក់នោះ គឺជាបុរសជនជាតិជប៉ុនអាយុខ្ទង់៦០ឆ្នាំ រស់នៅខេត្ត Nara មានមុខរបរជាអ្នកបើករថយន្តក្រុង។ កន្លងទៅថ្មីៗនេះ គាត់ធ្លាប់បានបើករថយន្តជូនដំណើរភ្ញៀវទេសចរណ៍ចិនពីរក្រុមនៅក្នុងប្រទេសជប៉ុន ខណៈពួកគេមកពីទីក្រុង Wuhan ជាទីចាប់ផ្តើមដំបូងការផ្ទុះរីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី នៅក្នុងប្រទេសចិន។ សម្រាប់០៥ករណីផ្សេងទៀត គឺសុទ្ធតែជាជនជាតិចិនដែលធ្វើដំណើរមកពីទីក្រុង Wuhan។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលជប៉ុន កំពុងត្រៀមបញ្ជូនយន្តហោះមួយគ្រឿងនៅយប់ថ្ងៃអង្គារ នេះ ដើម្បីទៅដឹកពលរដ្ឋជប៉ុនមួយចំនួន ដែលកំពុងជាប់គាំងនៅទីក្រុង Wuhan ហើយចង់មកប្រទេសជប៉ុនវិញ។

គួរជម្រាបថា បើតាមរបាយការណ៍ផ្លូវការរបស់ចិន វីរុសផ្លូវដង្ហើមកូរ៉េណាប្រភេទថ្មី ដែលអង្គការសុខភាពពិភពលោកឲ្យឈ្មោះសម្គាល់ថា 2019-nCoV បានឆ្លងដល់មនុស្សកើនដល់ជាង៤,៥០០នាក់នៅក្នុងប្រទេសចិន និងសរុប៥៦នាក់នៅប្រទេសដទៃ ហើយអ្នកបាត់បង់ជីវិតទាំង១០៦នាក់ គឺសុទ្ធតែនៅក្នុងទឹកដីចិនផ្ទាល់ ដោយខេត្ត Hubei មានករណីឆ្លងនិងអ្នកស្លាប់ច្រើនជាងគេ ខណៈទីក្រុង Wuhan ស្ថិតនៅទីនោះ។

ក្រៅពីចិន ប្រទេសចំនួន១៤ទៀត ក៏បានរាយការណ៍ពីករណីផ្ទុះឡើងនៃវីរុសនេះផងដែរ ដែលភាគច្រើនគឺជាអ្នកធ្វើដំណើរជនជាតិចិនផ្ទាល់។ ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកផ្ទុកវីរុសនេះ ដែលត្រូវគេពិនិត្យរកឃើញ នៅតាមប្រទេសផ្សេងៗទៀត ទូទាំងពិភពលោក៖

១៖ ប្រទេសចិន៖ ឆ្លង ៤៥៣៥នាក់ ក្នុងនោះស្លាប់ ១០៦នាក់
២៖ ថៃ៖ ១៤ករណី
៣៖ សិង្ហបុរី៖ ០៧ករណី
៤៖ ជប៉ុន៖ ០៦ករណី
៥៖ សហរដ្ឋអាមេរិក៖ ០៥ករណី
៦៖ អូស្ត្រាលី៖ ០៥ករណី
៧៖ ម៉ាឡេស៊ី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៤ករណី
៩៖ បារាំង៖ ០៣ករណី
១០៖ កាណាដា ០២ករណី
១១៖ វៀតណាម៖ ០២ករណី
១២៖ កម្ពុជា៖ ០១ករណី
១៣៖ អាល្លឺម៉ង់៖ ០១ករណី
១៤៖ នេប៉ាល់៖ ០១ករណី
១៥៖ ស្រីលង្កា៖ ០១ករណី

គិតត្រឹមម៉ោង១៧៖០០នាទី, ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០៕