(តៃប៉ិ)៖ អាជ្ញាធរសុខាភិបាលកោះតៃវ៉ាន់ បានរាយការណ៍នៅថ្ងៃអង្គារនេះ ពីករណីឆ្លងវីរុសកូរ៉ូណានៅស្រុកដំបូងបំផុត ជាមួយការបង្កើនការព្រមានដល់ពលរដ្ឋរបស់ខ្លួន កុំធ្វើដំណើរទៅកាន់ចិនដីគោក បើមិនមានភាពចាំបាច់ដាច់ខាតទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលតៃវ៉ាន់ អ្នកជំងឺទី៨ ដែលបានឆ្លងវីរុសកូរ៉ូណាខាងលើ គឺជាការឆ្លងនៅក្នុងស្រុកជាលើកដំបូងគេបំផុត ខណៈករណីឆ្លងដទៃមុនៗទាំងអស់ គឺឆ្លង នៅក្នុងប្រទេសចិន។ អ្នកជំងឺនេះគឺជាបុរសម្នាក់ មានអាយុ៥០ឆ្នាំ មកពីភាគកណ្ដាលកោះតៃវ៉ាន់ ហើយគាត់បានឆ្លងវីរុសកូរ៉ូណាថ្មី ពីប្រពន្ធរបស់គាត់ដែល​បានត្រឡប់​មកពី ធ្វើការនៅឯប្រទេសចិន កាលពីពេលថ្មីៗនេះ ពោលមុននឹងរូបនាងត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថាមានផ្ទុកវីរុសដ៏កាចសាហាវនេះ។ ប៉ុន្តែ បច្ចុប្បន្ន បុរសរូបនេះ កំពុងស្ថិតនៅក្នុងស្ថាននឹងនរមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ។

គួរជម្រាបថា គួរជម្រាបថា បើតាមរបាយការណ៍ផ្លូវការរបស់ចិន វីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី ដែលអង្គការសុខភាពពិភពលោកឲ្យឈ្មោះសម្គាល់ថា 2019-nCoV បានឆ្លងដល់មនុស្សកើនដល់ ៤៥៣៥នាក់ នៅក្នុងប្រទេសចិន និងសរុប៥៦នាក់នៅប្រទេសដទៃ ហើយអ្នកបាត់បង់ជីវិតទាំង១០៦នាក់ គឺសុទ្ធតែនៅក្នុងទឹកដីចិនផ្ទាល់ ដោយខេត្ត Hubei មានករណីឆ្លងនិងអ្នកស្លាប់ច្រើនជាងគេ ខណៈទីក្រុង Wuhan ស្ថិតនៅទីនោះ។

ក្រៅពីចិន ប្រទេសចំនួន១៤ទៀត ក៏បានរាយការណ៍ពីករណីផ្ទុះឡើងនៃវីរុសនេះផងដែរ ដែលភាគច្រើនគឺជាអ្នកធ្វើដំណើរជនជាតិចិនផ្ទាល់។ ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកផ្ទុកវីរុសនេះ ដែលត្រូវគេពិនិត្យរកឃើញ នៅតាមប្រទេសផ្សេងៗទៀត ទូទាំងពិភពលោក៖

១៖ ប្រទេសចិន៖ ឆ្លង ៤៥៣៥នាក់ ក្នុងនោះស្លាប់ ១០៦នាក់
២៖ ថៃ៖ ១៤ករណី
៣៖ សិង្ហបុរី៖ ០៧ករណី
៤៖ ជប៉ុន៖ ០៦ករណី
៥៖ សហរដ្ឋអាមេរិក៖ ០៥ករណី
៦៖ អូស្ត្រាលី៖ ០៥ករណី
៧៖ ម៉ាឡេស៊ី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៤ករណី
៩៖ បារាំង៖ ០៣ករណី
១០៖ កាណាដា ០២ករណី
១១៖ វៀតណាម៖ ០២ករណី
១២៖ កម្ពុជា៖ ០១ករណី
១៣៖ អាល្លឺម៉ង់៖ ០១ករណី
១៤៖ នេប៉ាល់៖ ០១ករណី
១៥៖ ស្រីលង្កា៖ ០១ករណី