(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាននិយាយថាយោធានៃប្រទេសរបស់លោក ត្រូវការពេលតែ១២ថ្ងៃប៉ុណ្ណោះ ដើម្បីផ្ដួលប៉ាគីស្ថាននៅក្នុងសមរភូមិ នៅក្នុងករណីដែលមានជម្លោះ ឬសង្រ្គាមផ្ទុះឡើង។ នេះបើតាមការដកស្រង់ការផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។

លោក ម៉ូឌី ធ្វើការកត់សម្គាល់ខាងលើ កំឡុងថ្លែងសារនៅឯពិធីជួបជុំកងកម្លាំងឥណ្ឌា ក្នុងទីក្រុងញូដេលី នៅថ្ងៃអង្គារនេះ។ ថ្លែងនាឱកាសនោះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានលើកឡើងដូច្នេះថា៖ «យើងបានដឹងហើយថាប្រទេសជិតខាងរបស់យើង (ប៉ាគីស្ថាន) បានបរាជ័យក្នុងសង្រ្គាមដល់ទៅ៣លើក ប្រឆាំងនឹងពួកយើង...ដូច្នេះខ្ញុំយល់ថា យោធារបស់យើងត្រូវការពេលតែ១២ថ្ងៃប៉ុណ្ណោះ ដើម្បីផ្ដួលពួកគេនៅសមរភូមិ...»។

គួរជម្រាបថា ឥណ្ឌា និងប៉ាគីស្ថាន មានជម្លោះនឹងគ្នាជុំវិញដែនដីតំបន់កាស្មៀ ចាប់តាំងពីទទួលឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៩៤៧មកម្លេះ។ ប្រទេសទំាង២នេះ ក៏ធ្លាប់មាន ជម្លោះប្រដាប់អាវុធបីលើករួចមកហើយដែរ គឺនៅឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៤៨, នៅឆ្នាំ១៩៦៥ និងនៅឆ្នាំ១៩៧១៕