(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៣២នាក់ហើយ ខណៈមនុស្សចំនួន៦០៥៩នាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា បានរាយការណ៍ថា មនុស្សសរុប ២៥នាក់បន្ថែមទៀតបានស្លាប់ និងជាង៨០០ករណីទៀតបានឆ្លង ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងប្រទេសចិន កើនឡើងរហូតដល់ជាង៦០០០នាក់។

អាជ្ញាធរសុខាភិបាលរបស់ចិន បានលើកឡើងថា អ្នកសង្ស័យឆ្លងមេរោគកូរ៉ូណានេះ អាចមានការកើនឡើងទៀតរហូតដល់ជាង៩ពាន់នាក់ ខណៈបច្ចុប្បន្ននេះអ្នកជំងឺប្រមាណ១២៣៩នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ខាងក្រោមជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះ ជុំវិញពិភពលោកដែលឆ្លងមេរោគ៖

១៖ ប្រទេសចិន៖ ឆ្លង ៥៩៧៤នាក់ ក្នុងនោះស្លាប់ ១៣២នាក់
២៖ ថៃ៖ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ០៧ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ០៧ករណី
៩៖ អូស្ត្រាលី ០៥ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០១ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី

គិតត្រឹមម៉ោង ៨៖០០នាទីព្រឹក (ម៉ោងកម្ពុជា), ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០៕

គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លងឲ្យបានធូរស្រាលឡើងវិញផងដែរ។ ដោយឡែកប្រទេសមួយចំនួនទៀតដូចជា រុស្ស៊ី និងអង់គ្លេសជាដើម ក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថា អាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ៕