(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានឱ្យដឹងថា ក្រុមអ្នកជំនាញរបស់ខ្លួនកំពុងចាប់ផ្ដើមអភិវឌ្ឍ «វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី» ដែលមានប្រភពដើមមកពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ហើយក៏បានជំរុញឱ្យទីក្រុងប៉េកាំងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរសុខាភិបាលអន្តរជាតិផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) មន្ត្រីមកពីវិទ្យាស្ថានជាតិសុខាភិបាលអាមេរិក (NIH) លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) បានគូសបញ្ជាក់ដូច្នេះថា «យើងបានចាប់ផ្ដើមការអភិវឌ្ឍវ៉ាក់សាំង នៅឯវិទ្យាស្ថាន NIH ជាមួយក្រុមងាររបស់យើង ដោយដំណើរការនេះនឹងត្រូវធ្វើឡើងទៅតាមតំណាក់កាល។ តំណាក់កាលទីមួយនឹងមានរយៈពេល ០៣ខែ ហើយក្រោយមកគឺ ០៣ខែទៀតសម្រាប់ការប្រមូលទិន្នន័យ មុននឹងចាប់ផ្ដើមតំណាក់កាលទីមួយ»

គួរជម្រាបថា អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៣២នាក់ហើយ ខណៈមនុស្សជាង ៦,០០០នាក់ទៀតឆ្លងទាំងនៅចិន និងទូទាំងពិភពលោក។ អាជ្ញាធរសុខាភិបាលចិនក៏ព្រមានផងដែរថា អ្នកសង្ស័យឆ្លងមេរោគកូរ៉ូណានេះ អាចមានការកើនឡើងទៀតរហូតដល់ជាង ៩ពាន់នាក់ ខណៈបច្ចុប្បន្ននេះអ្នកជំងឺប្រមាណ ១,២៣៩នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ខាងក្រោមជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ៖

១៖ ប្រទេសចិន ឆ្លង ៥,៩៧៤នាក់ ក្នុងនោះស្លាប់ ១៣២នាក់
២៖ ថៃ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ០៧ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ០៧ករណី
៩៖ អូស្ត្រាលី ០៥ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០១ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី

តួលេខខាងលើនេះគិតត្រឹមម៉ោង ៩៖៤៥នាទីព្រឹក (ម៉ោងកម្ពុជា), ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០៕

គួរបញ្ជាក់ដែរថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លងឲ្យបានធូរស្រាលឡើងវិញផងដែរ ប៉ុន្តែមានករណីចម្លងពីមនុស្សទៅមនុស្សដំបូង ដោយបានកើតឡើងនៅជប៉ុនមួយករណី និងកោះតៃវ៉ាន់មួយករណី៕