(ប៉េកាំង)៖ អាជ្ញាធរចិនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដកប្រធានមន្ទីរសុខាភិបាលនៃទីក្រុងមួយ ដែលនៅជាប់នឹងទីក្រុង Wuhan បន្ទាប់ពីមន្រ្តីម្នាក់នោះ ពេលកំពុងបង្ហញខ្លួនលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋចិន មិនអាចឆ្លើយសំណួរសាមញ្ញ ពាក់ព័ន្ធនឹងស្ថានការណ៍វីរុសកូរ៉ូណាថ្មី នៅក្នុងទីក្រុងមួយនោះបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។

លោកស្រី Tang Zhihong ជាប្រធានមន្ទីរសុខាភិបាលនៃទីក្រុង Huanggang ដែលមានករណីអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីប្រមាណជិត ៥០០នាក់ និងអ្នកស្លាប់១២ករណីនោះ បានបង្ហាញខ្លួនលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋចិន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នាពេលនោះ លោកស្រី ត្រូវបានក្រុមមន្រ្តីរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង និងអ្នកកាសែតសួរសំណួរមួយចំនួនជុំវិញសភាពការណ៍ទូទៅនៃការឆ្លងវីរុសនៅក្នុងទីក្រុង Huanggang។ ក៏ប៉ុន្តែពេលសួរអំពីចំនួនអ្នកឆ្លងវីរុសនៅតាមមន្ទីរពេទ្យជាដើម លោកស្រី Tang បានឆ្លើយតបថា លោកស្រីមិនដឹង និងមិនប្រាកដនោះទេ។

គួរជម្រាបថា ប៉ុន្មានម៉ោងក្រោយមក មន្ទីរសុខាភិបាលក្រុង Huanggang បានប្រកាសថា លោកស្រី ត្រូវបានដកចេញពីតំណែងបាត់ហើយ ដោយពុំមានបញ្ជាក់មូលហេតុលម្អិតអ្វីឡើយ។ យ៉ាងណាមិញ រដ្ឋាភិបាលចិនធ្លាប់បានលើកឡើងហើយថា ខ្លួននឹងធ្វើការស៊ើបអង្កេត ហើយដាក់ពិន័យលើមន្រ្តីទាំងឡាយពាក់ព័ន្ធក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី ដែលមិនយកចិត្តទុកដាក់ចំពោះការងារ ។ យោងតាមតួលេខកាលពីព្រឹកថ្ងៃសុក្រនេះ អ្នកស្លាប់ដោយសារ វីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ២១៣នាក់ហើយ និងបានឆ្លងដល់មនុស្ស ៩,៦៨៩នាក់នៅប្រទេសចិន និងច្រើនជាង ៩០ករណីទៀតនៅទូទាំងពិភពលោក៕