(ឡុងដ៍)៖ បន្ទាប់ពីចលាចលនយោបាយជាង ៣ឆ្នាំកន្លះ និងនាយករដ្ឋមន្ត្រីឈានដល់បីរូប ចាប់តាំងពីការបោះឆ្នោតប្រជាមតិចាកចេញពីសហភាពអឺរ៉ុប ឬ Brexit នៅឆ្នាំ២០១៦ នៅទីបំផុតចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសដំបូងគេបំផុត ដែលចាកចេញពីសហភាពអឺរ៉ុបក្នុងរយៈពេលជាង ៤៧ឆ្នាំមកនេះ នៅយប់ម៉ោង ១១៖០១នាទី (ម៉ោងនៅទីក្រុងឡុងដ៍) ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ ចក្រភពអង់គ្លេសនឹងត្រូវចូលទៅក្នុងរយៈពេលអន្តរកាល ព្រមព្រៀងឡើងដោយរដ្ឋាភិបាលទីក្រុងឡុងដ៍ និងសហភាពអឺរ៉ុប ហើយបើតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ នៅ១១ខែបន្ទាប់ទៀត ចក្រភពអង់គ្លេសនៅតែជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែមានតែឈ្មោះប៉ុណ្ណោះ។

* តើនឹងមានអ្វីកើតឡើងនៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ?

ចក្រភពអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនៅយប់ម៉ោង ១១៖០១នាទី (ម៉ោងនៅទីក្រុងឡុងដ៍) ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ហើយនាយករដ្ឋមន្ត្រីលោក បូរីស ចនសុន (Borish Johnson) នឹងថ្លែងសារមួយទៅកាន់ប្រជាជាតិអង់គ្លេស ខណៈមានការរំពឹងថា វាគឺជាសារប្រកបដោយសុទិដ្ឋិនិយម។ អ្នកគាំទ្រ Brexit ក៏នឹងចូលរួមអបអរសាទរផងដែរ ស្របពេលក្រុមអ្នកជំទាស់គ្រោងដឹកនាំការធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងការចាកចេញពីសហភាពអឺរ៉ុប។ ចំណែកឯទង់ជាតិចក្រភពអង់គ្លេស នឹងត្រូវដកចេញពីរាល់ស្ថាប័នអឺរ៉ុបទាំងអស់ (តែទង់ជាតិចក្រភពអង់គ្លេសមួយ នឹងត្រូវដាក់នៅឯសារមន្ទីរមួយក្នុងទីក្រុងព្រុចសែល) ហើយអ្នកនយោបាយ អឺរ៉ុបទំនងជានឹងចេញផ្សាយសេចក្ដីថ្លែងការណ៍ដោយនិយាយថា ថ្ងៃនេះគឺជាថ្ងៃដ៏សោកសៅសម្រាប់អឺរ៉ុប និងថាចក្រភពអង់គ្លេសនៅតែជាមិត្តជិតស្និទ្ធរបស់ អឺរ៉ុប។

* តើនឹងមានអ្វីផ្លាស់ប្ដូរឱ្យប្រាកដនៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ?

ជាទ្រឹស្តី វានឹងមានការផ្លាស់ប្ដូរច្រើន តែជាការអនុវត្តនឹងមិនមានការផ្លាស់ប្ដូរច្រើននោះទេ នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU)។ ចក្រភពអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុប ប៉ុន្តែចាប់ពីម៉ោង ១១៖០១នាទីយប់ ថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងឡុងដ៍) អង់គ្លេសនឹងបន្តគោរពតាមរាល់ច្បាប់របស់ EU និងតុលាការអឺរ៉ុប។ ដោយឡែកនៅប៉ុន្មានខែខាងមុខ ចក្រភពអង់គ្លេសក៏នឹងនៅតែចូលរួមចំណែកដដែល ក្នុងកញ្ចប់ថវិកា EU ក៏ដូចជាអនុវត្តតាមការផ្លាស់ប្ដូរណាមួយនៃច្បាប់ EU ដែលនេះមានន័យថា អ្វីដែលនឹងផ្លាស់ប្តូរគឺគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ។

បន្ថែមពីខាងលើនេះទៀត ចក្រភពអង់គ្លេសនឹងលែងមានតំណាងនៅក្នុងស្ថាប័ន សហភាពអឺរ៉ុប ហើយក៏នឹងលែងចូលរួមក្នុងរាល់កិច្ចប្រជុំនៃថ្នាក់ដឹកនាំ EU ផងដែរ។ ដូច្នេះចក្រភពអង់គ្លេសនឹងនៅបន្តគោរពតាមច្បាប់ EU ខណៈមិនមានសិទ្ធិ និយាយអ្វីឡើយនៅក្នុងគោលនយោបាយសហភាពអឺរ៉ុប។

* តើអ្វីដែលនឹងមិនមានការផ្លាស់ប្ដូរ?

ពាណិជ្ជកម្មអាចនឹងដំណើរការជាធម្មតា រីឯប្រជាជនធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប នឹងមិនរងផលប៉ះពាល់ឡើយ ក្នុងកំឡុងពេលអន្តរកាលនេះ ហើយប្រជាជនអង់គ្លេសទៀតសោត នឹងនៅតែអាចធ្វើដំណើរដោយសេរី នៅទូទាំងសហភាពអឺរ៉ុបដដែល។

* តើនឹងមានអ្វីកើតឡើងបន្ទាប់?

បញ្ចប់តំណាក់កាលទី១ គឺត្រូវចូលដល់តំណាក់កាលទី២។ រយៈពេលអន្តរកាលនៃការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលនេះមានន័យថា ចក្រភពអង់គ្លេសមានរយៈពេល ១១ខែតែប៉ុណ្ណោះ ដើម្បីការចរចាពីអនាគតនៃទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុប។ ក្នុងករណីមិនអាចឈានដល់កិច្ចព្រមព្រៀង នោះវានឹងធ្វើឱ្យ Brexit មានស្ថានភាពលំបាកបំផុត ដែលអាចនឹងបង្កឱ្យខូចខាតដល់សេដ្ឋកិច្ចទាំងសងខាង ឬក៏ពិភពលោកតែម្ដង។ កិច្ចចរចាជាផ្លូវការនឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី០៣ ខែមីនាខាងមុខនេះតទៅ ហើយក្នុងពេលជាមួយគ្នា ភាគីទាំងពីរនឹងដាក់ចេញនូវអាទិភាពរៀងៗខ្លួន ព្រមទាំងបន្ទាត់ក្រហមរបស់ពួកគេផងដែរ៕

ប្រភព៖ សារព័ត៌មានអង់គ្លេស BBC (ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០)