(ឡុងដ៍)៖ នាយកដ្ឋានសុខាភិបាលអង់គ្លេស បានឱ្យដឹងនៅថ្ងៃសុក្រនេះថា អ្នកជំងឺពីរនាក់ជាសមាជិកគ្រួសារតែមួយ ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា ពួកគេបានឆ្លងវីរុសកូរ៉ូណាថ្មី ដែលមានប្រភពដើមមកពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ហើយដែលនេះគឺជាការរកឃើញករណីឆ្លងដំបូងបំផុត នៅក្នុងចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅល្ងាចថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។

បើតាមនាយកដ្ឋានសុខាភិបាលអង់គ្លេស អ្នកជំងឺទាំងពីរនាក់ខាងលើ កំពុងស្ថិតនៅក្រោមការព្យាបាល និងមើលថែទាំយ៉ាងជាពិសេសដាច់ដោយឡែកពីគេ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតណាមួយបញ្ជាក់ថា តើពួកគេមកពីទីណាឱ្យប្រាកដនៅឡើយទេ។

គួរជម្រាបថា អ្នកស្លាប់ដោយសារ វីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ២១៣នាក់ហើយ និងបានឆ្លងដល់មនុស្ស ៩,៦៨៩នាក់នៅប្រទេសចិន និងច្រើនជាង ៩០ករណីទៀតនៅទូទាំងពិភពលោក។

ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោកដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖

១៖ ប្រទេសចិនឆ្លង ៩,៦៨៩ករណី និងបាត់បង់ជីវិត ២១៣នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៤ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៣ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ០៧ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៥ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ចក្រភពអង់គ្លេស ០២ករណី

តួលេខខាងលើនេះគិតត្រឹមវេលាម៉ោង ៥៖០០នាទីរសៀល ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០៕