(ប៉េកាំង)៖ ទីបំផុតមន្ទីរពេទ្យឈ្មោះថា Huoshenshan ដែលទើបតែត្រូវបានសាងសង់ឡើងនៅក្រុង Wuhan ខេត្ត Hubei របស់ចិន ដើម្បីជួយដល់ការទទួលព្យាបាលអ្នកឆ្លងវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី (2019-nCoV) នឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅ ថ្ងៃអាទិត្យនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០។

ដំណើរការសាងសង់មន្ទីរពេទ្យខាងលើបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ជាមួយការរំពឹងថានឹងអាចសម្រេចបាន ក្នុងរយៈពេលចន្លោះពី៦ទៅ១០ថ្ងៃ។ មន្ទីរពេទ្យ Huoshenshan នឹងចាប់ផ្តើមបើកទទួលពិនិត្យព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណា នៅថ្ងៃ ចន្ទស្អែកនេះ ដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបង្គាប់ឲ្យគ្រូពេទ្យយោធាប្រមាណ១,៤០០នាក់ ចុះទៅទទួលបន្ទុក ព្យាបាលអ្នកជំងឺនៅទីនោះ។

គួរជម្រាបថា មន្ទីរពេទ្យខាងលើមានចំណុះ១,០០០គ្រែ ហើយវាស្ថិតក្នុងចំណោមមន្ទីរពេទ្យ បណ្តោះអាសន្នចំនួនពីរ ដែលចិនទើបតែចាប់ផ្តើមសង់ ឡើងជាពិសេសសម្រាប់ការវាយលុកនៃវីរុសកូរ៉ូណា។ មន្ទីរពេទ្យមួយទៀតឈ្មោះថា Leishenshan ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់នៅឡើយ។ មន្ទីរពេទ្យនេះមានចំណុះ១,៥០០គ្រែ ហើយត្រូវគេរំពឹងថា នឹងអាចដាក់ឲ្យ ដំណើរការទទួលអ្នកជំងឺបាននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០៕