(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមរបស់សហរដ្ឋអាមេរិក Twitter បានបិទគណនីរបស់វែបសាយមួយមានឈ្មោះថា Zero Hedge បន្ទាប់ពីវែបសាយនោះបានចុះផ្សាយអត្ថបទភ្ជាប់ការរីករាលដាលនៃវីរុសកូរ៉ូណា 2019-nCoV ទៅនឹងអ្នកវិទ្យាសាស្រ្តចិនម្នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមហ៊ុន Twitter បានបញ្ជាក់ប្រាប់ Reuters កាលពីថ្ងៃអាទិត្យថា គណនី Twitter របស់វែបសាយ Zero Hedge ត្រូវបានបិទជាអចិន្ត្រៃយ៍​តែម្តង ដោយសារតែការបង្ហោះព័ត៌មានបំពានលើគោលការណ៍របស់ Twitter។ ការបិទនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Twitter ទទួលបាន​ដំណឹងពីវែបសាយព័ត៌មានអាមេរិក BuzzFeed។ BuzzFeed បានប្រាប់ថា វែបសាយ Zero Hedge ក្រៅពីចេញផ្សាយអត្ថបទចោទប្រកាន់​​អ្នកវិទ្យាសាស្រ្តចិនម្នាក់នៅទីក្រុង Wuhan ថា ជាអ្នកបង្កើតវីរុសកូរ៉ូណាប្រភេទថ្មី ដើម្បីធ្វើជាអាវុធជីវសាស្រ្ត វែបសាយនោះក៏បានបញ្ចេញ​ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកវិទ្យាសាស្រ្តចិនរូបនោះថែមទៀតផង។ អត្ថបទរបស់វែបសាយ Zero Hedge មានចំណងជើងថា «តើបុរសម្នាក់នេះមែន​ទេ ដែលជាអ្នកនៅពីក្រោយការផ្ទុះរាលដាលនៃវីរុសកូរ៉ូណា?»

គួរជម្រាបថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Twitter បានបញ្ជាក់ហើយថា គណនីទាំងឡាយមិនថាជារបស់បុគ្គល ឬក៏របស់ស្ថាប័នណាមួយ​ឡើយ ដែលចូលរួមចំណែកក្នុងការព្យាយាមចែកចាយព័ត៌មានបំភ្លៃអំពីបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី នៅលើបណ្តាញសង្គម Twitter នឹងត្រូវរងការ​ព្រមានឬបិទចោលតែម្តង។ ក្រៅពី Twitter បណ្តាញសង្គមធំៗដទៃទៀត ដូចជា Facebook ក៏បានប្រកាសថា នឹងចាត់វិធានការទប់ស្កាត់ការបង្ហោះ​ក៏ដូចជាចែកចាយព័ត៌មានមិនអំពីវីរុសនេះដូចគ្នាដែរ។ Zero Hedge ជាវែបសាយដែលភាគច្រើនចុះផ្សាយព័ត៌មានអំពីវិស័យហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច ហើយមានអ្នកតាមដាន (Follower) ជាង៦៧០,០០០នាក់ នៅពេលត្រូវ Twitter បិទគណនីចោល៕