(អ៊ីស្តង់បុល)៖ ប្រធានាធិបតីតួកគីលោក តាយីព អឺដូហ្គាន់ (Tayyip Erdogan) បានថ្លែងនៅថ្ងៃចន្ទនេះថា កងទ័ពតួកគីបានបើកប្រតិបត្តិការសងសឹក និងផ្តាច់ជីវិតកងទ័ពស៊ីរីសរុប ៣០នាក់ ក្រោយស៊ីរីធ្វើការវាយប្រហារលើកងទ័ពតួកគី នៅក្នុងខេត្តអ៊ីដលីប (Idlib) ដែលបានបណ្តាលឲ្យកងទ័ពតួកគី ០៤នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រធានាធិបតីតួកគីលោក Erdogan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កាំភ្លើងធំ និង F-16 (យន្តហោះចម្បាំង) របស់យើង គឺកំពុងតែធ្វើប្រតិបត្តិការនៅទីនោះ។ ទាហានរបស់យើងបានបាត់បង់ជីវិត យើងមិនអាចអង្គុយនៅស្ងៀមបាននោះទេ...។» បើតាមការអះអាងរបស់តួកគី ទីតាំងយោធាស៊ីរីប្រមាណ ៤០កន្លែង ត្រូវបានវាយប្រហារ ហើយក្នុងនោះទាហានស៊ីរីយ៉ាងហោចណាស់ក៏ ៣០នាក់ដែរបានបាត់បង់ជីវិត។

លោកប្រធានាធិបតីតួកគីក៏បានសង្កត់ធ្ងន់ផងដែរថា នៅក្នុងជម្លោះនេះ គឺជាជម្លោះរវាងតួកគី និងស៊ីរីប៉ុណ្ណោះ ដោយតួកគីមិនមានការបង្កជម្លោះណាមួយ ជាមួយរុស្ស៊ីនោះឡើយ។ គួរបញ្ជាក់ថា កងទ័ពតួកគីសរុប ០៤នាក់ បានស្លាប់ និង ០៩នាក់ផ្សេងទៀតរងរបួស នៅក្នុងការផ្លោងគ្រាប់កាំភ្លើងធំដោយកងទ័ពរដ្ឋាភិបាលស៊ីរី នៅក្នុងខេត្ត Idlib របស់ស៊ីរីដែលជាប់ព្រំដែនតួកគី៕