(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នាថ្ងៃចន្ទនេះ បានប្រកាសបិទច្រកព្រំដែនចំនួន ១០ ក្នុងចំណោមច្រកព្រំដែន សរុបទាំង ១៣ ជាមួយប្រទេសចិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី (2019-nCoV) ខណៈកំពុងមានការធ្វើកូដកម្មទាមទារ ឲ្យបិទព្រំដែនទាំងស្រុងគ្រប់ល្ហកច្រកតែម្តង។

២៖ ប្រធានាធិបតីតួកគីលោក តាយីព អឺដូហ្គាន់ (Tayyip Erdogan) បានថ្លែងនៅថ្ងៃចន្ទនេះថា កងទ័ពតួកគីបានបើកប្រតិបត្តិការសងសឹក និងផ្តាច់ជីវិតកងទ័ពស៊ីរីសរុប ៣០នាក់ ក្រោយស៊ីរីធ្វើការវាយប្រហារលើកងទ័ពតួកគី នៅក្នុងខេត្តអ៊ីដលីប (Idlib) ដែលបានបណ្តាលឲ្យកងទ័ពតួកគី ០៤នាក់ស្លាប់។

៣៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelenskiy) បានបង្ហាញការមិនពេញចិត្តនោះឡើយចំពោះទំហំនៃ សំណង ដែលប្រទេសអ៉ីរ៉ង់បានផ្តល់ឲ្យគ្រួសារនៃពលរដ្ឋអ៊ុយក្រែន ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍ច្រឡំបាញ់ទម្លាក់ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន នៅទីក្រុងតេហេរ៉ង់កាលពីខែមុន។

៤៖ យន្ដហោះដឹកជញ្ជូនសរុបចំនួន ០៨គ្រឿង មកពីកងកម្លាំងទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន (PLA) បានចុះចតនៅឯ អាកាសយានដ្ឋានអន្តរជាតិវូហានធានហេ (Wuhan Tianhe International Airport) កាលពីថ្ងៃអាទិត្យ ជាមួយបុគ្គលិកពេទ្យយោធា ៧៩៥នាក់ និងបរិក្ខារពេទ្យ ៥៨តោន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដែលបានផ្ដាច់ជីវិតមនុស្ស ៣៦១នាក់ និង ១៧,២០៩នាក់បានឆ្លង នៅក្នុងប្រទេសចិន។

៥៖ បណ្ដាប្រទេសមួយចំនួន ជាពិសេសគឺ សហរដ្ឋអាមេរិក បានបង្កើត និងពង្រីកភាពភ័យខ្លាច បន្ទាប់ពីការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសចិន ប៉ុន្តែពួកគេបានបរាជ័យ ក្នុងការផ្ដល់ជំនួយសំខាន់នានា ដើម្បីជួយទីក្រុងប៉េកាំង ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

៦៖ អាជ្ញាធរវៀតណាមបានទទួលស្គាល់ពីការឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ០៣ករណីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ០៨នាក់៕