(ប៉េកាំង)៖ បុគ្គលិកពេទ្យសរុប ១០,៥៩៦នាក់ត្រូវបានបញ្ជូនទៅកាន់ខេត្ត ហ៊ូប៉ី (Hubei) នៅភាគកណ្តាលប្រទេសចិន ដើម្បីជួយដល់កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង ការរីករាលដាលនៃវីរុសកូរ៉ូណា 2019-nCoV។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោក យ៉ាង យុនយ៉ាន (Yang Yunyan) អភិបាលរងខេត្ត Hubei បានឲ្យដឹងថា ខេត្តរបស់លោកទទួលបានបុគ្គលិកពេទ្យចំនួន ១០៧ក្រុមមកពីខេត្ត ក្រុង និងតំបន់ស្វយ័យចំនួន ២៩ ព្រមទាំងពីកងទ័ពចិនផងដែរ។ បុគ្គលិកទាំងអស់នោះត្រូវបានបញ្ជូនមកទីនេះ ដើម្បីជួយទប់ទល់នឹងវីរុសកូរ៉ូណាប្រភេទថ្មី។ លោក Yang បានគូសបញ្ជាក់ថា តាមពិតទៅគ្រឿងបរិក្ខាវេជ្ជសាស្រ្តគឺមានគ្រប់គ្រាន់រួចហើយ ប៉ុន្តែខេត្ត Hubei នៅត្រូវការបុគ្គលិកពេទ្យប្រមាណ ២,២៥០នាក់ទៀត ជាពិសេសខាងផ្នែកផ្លូវដង្ហើម ផ្នែកថែទាំអ្នកជំងឺចាំបាច់ និងផ្នែកទប់ស្កាត់ជំងឺឆ្លង។

គួរជម្រាបថា យោងតាមរបាយការណ៍នៅព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា 2019-nCoV នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ៦៣៦នាក់ និងឆ្លងដល់ ៣១,១៦១នាក់ បន្ទាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មានមនុស្ស៧៣នាក់បន្ថែមទៀត បានបាត់បង់ជីវិត។ ជាមួយគ្នានេះអ្នកជំងឺសរុប១,៥៤០នាក់ ក៏បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យផងដែរ៕