(ប៉េកាំង)៖ គណៈកម្មាការជាតិត្រួតពិនិត្យ ដែលជាអង្គភាពប្រឆាំងអំពើពុករលួយរបស់ចិន នឹងបញ្ជូនក្រុមការងារពិសេសមួយ ទៅកាន់ទីក្រុងវូហាន នៃខេត្ត Hubei ដើម្បីស៊ើបអង្កេតពីករណីស្លាប់ របស់លោក Li Wenliang ជាវេជ្ជបណ្ឌិតម្នាក់ ដែលបានព្រមានមុនគេពីការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃសុក្រនេះ គណៈកម្មាការបានឱ្យដឹងទៀតថា ការបញ្ជូនក្រុមការងារពិសេសមួយ ទៅកាន់ទីក្រុងវូហាន ត្រូវបានអនុម័ត ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ហើយការស៊ើបអង្កេតមួយលើការស្លាប់របស់លោក Li ក៏នឹងត្រូវធ្វើឡើងព្រមពេលជាមួយគ្នាផងដែរ។ លោកវេជ្ជបណ្ឌិត លី វិនលៀង (Li Wenliang) ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនៅក្នុងប្រទេសចិនចាត់ទុកថា «ជាវីរៈបុរស» បន្ទាប់ពីបានព្រមានមុនគេពីការផ្ទុះ ឡើងនូវវីរុសមានលក្ខណៈស្រដៀងគ្នាទៅនឹងវីរុស SARS ក្នុងទីក្រុង វូហាន (Wuhan) បានទទួលមរណភាព នៅព្រឹកថ្ងៃសុក្រនេះ ដោយសារវីរុសកូរ៉ូណា។

មរណភាពរបស់លោក Li Wenliang ត្រូវបានប្រកាសដោយមន្ទីរពេទ្យមជ្ឈិមវូហាន (Wuhan Central Hospital) ជាទីដែលលោកធ្លាប់ធ្វើការ ហើយព័ត៌មាននេះ ក៏បានបង្កការសោកសៅ និងការខឹងសម្បារចំពោះអាជ្ញាធរចិនផងដែរ ពីសំណាក់ប្រជាជនចិន ជាពិសេសអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមតែម្តង។

គួររំលឹកថា កាលពីខែធ្នូ ឆ្នាំ២០១៩ លោក Li បានបង្ហោះសារនៅក្នុងគ្រុបមួយ នៃបណ្ដាញទំនងទំនងសង្គម WeChat ថា អ្នកជំងឺ ០៧នាក់ មកពីផ្សារលក់គ្រឿង សមុទ្រមួយកន្លែង នៅក្នុងទីក្រុងវូហាន ត្រូវបានគេពិនិត្យឃើញថា បានឆ្លងវីរុសម្យ៉ាងមានលក្ខណៈស្រដៀងគ្នាទៅនឹងវីរុស SARS ដែលបច្ចុប្បន្នត្រូវគេស្គាល់ ជាសកលថា «វីរុសកូរ៉ូណាថ្មី» ហើយអ្នកទាំងនេះត្រូវបានគេយកទៅដាក់ នៅកន្លែងដាច់ឆ្ងាយពីគេឯង។ តែផ្ទុយទៅវិញ ក្រោយការបង្ហោះនេះ ប៉ូលិសក្នុងតំបន់ បានចោទលោកថា បានបង្ហោះពាក្យចចាមអារ៉ាមមិនពិត។ លោក Li បានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ កាលពីថ្ងៃទី១២ ខែមករា និងត្រូវបានគេធ្វើតេស្ដរក ឃើញថា ឆ្លងវីរុសកូរ៉ូណាថ្មីនៅថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ៕