(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននាថ្ងៃសៅរ៍នេះបានប្រកាសថា អ្នកជំងឺសរុប ២,០៥០នាក់ហើយ ដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយពីជំងឺ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមរបាយការណ៍ប្រចាំថ្ងៃស្តីពីតួលេខអ្នកជំងឺវីរុសកូរ៉ូណាថ្មី របស់គណៈកម្មការជាតិសុខាភិបាលចិន កំឡុងថ្ងៃសុក្រម្សិលមិញ មនុស្សរហូតដល់ ៥១០នាក់ បានចាកចេញពីមន្ទីពេទ្យក្នុងនោះ ២៩៨នាក់គឺនៅខេត្ត Hubei ក្រោយពីសុខភាពពួកគេបានប្រសើរឡើងវិញទាំងស្រុង។

គួរជម្រាបថា ទាក់ទងនឹងចំនួនអ្នកស្លាប់វិញ នៅព្រឹកថ្ងៃសៅរ៍នេះអាជ្ញាធរចិនបានឲ្យដឹងថា មនុស្សកើនដល់ ៧២២នាក់ហើយ បានបាត់បង់ជីវិតដោយសារតែវីរុសកូរ៉ូណាថ្មី ខណៈករណីអ្នកឆ្លងបានឡើងដល់ ៣៤,៥៤៦នាក់ នៅទូទាំងខេត្ត និងតំបន់ចំនួន ៣១ របស់ចិន៕