(ហ្សឺណែវ)៖ លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) នាយកប្រតិបត្តិផ្នែកសុខភាព និងសង្រ្គោះបន្ទាន់ របស់អង្គការសុខភាពពិភពលោក WHO បានស្នើឡើងថា មិនគួរតែមានការរើសអើងណាមួយឡើយ ពាក់ព័ន្ធជាមួយនឹងវីរុសកូរ៉ូណាប្រភេទថ្មី 2019-nCoV។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Ryan បាននិយាយដូច្នេះថា «វាគឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដើម្បីធានាថាពុំមានការរើសអើងក្នុងទម្រង់ណាមួយឡើយ ទាក់ទងទៅនឹងវីរុសកូរ៉ូណាថ្មី ព្រោះវាជារឿងមិនចាំបាច់ និងមិនអាចជួយអ្វីបាននោះទេ»។ លោក Ryan បានគូសបញ្ជាក់ថា រដ្ឋាភិបាលទាំងឡាយមានតួនាទីអប់រំប្រជាជនរបស់ខ្លួនជុំវិញការរើសអើង ខណៈវាជាការទទួលខុសត្រូវដ៏សំខាន់មួយ។

ជាមួយគ្នានោះ មន្រ្តីជាន់ខ្ពស់ម្នាក់ទៀតរបស់អង្គការ WHO គឺលោកស្រី ម៉ារៀ វ៉ាន កឺខូវ (Maria Van Kerkhove) ក៏បានបង្ហាញក្តីកង្វល់ស្រដៀងគ្នាដែរ ដោយផ្តោតទៅលើឈ្មោះរបស់វីរុស។ លោកស្រីបានបញ្ជាក់ថា អង្គការ WHO បានផ្តល់ឈ្មោះបណ្តោះអាសន្នហៅថា 2019-nCoV សម្រាប់វីរុសកូរ៉ូណាប្រភេទថ្មីនេះ ដើម្បីធានាថាពុំមានទីតាំងណាមួយ ត្រូវយកទៅភ្ជាប់ជាមួយវីរុសនេះឡើយ បើទោះបីជាវាបានផ្ទុះចេញពីក្នុងប្រទេសចិនក៏ដោយ។

គួរបញ្ជាក់ថា កន្លងមកមានសារព័ត៌មានមួយចំនួនហៅវីរុសកូរ៉ូណាថ្មីនេះថា «វីរុសវូហាន» ដែលជាឈ្មោះទីក្រុង Wuhan របស់ប្រទេសចិនជាទីផ្ទុះឡើងដំបូងនៃវីរុស ឬខ្លះទៀតហៅវាថា វីរុសចិន (China Virus) ដែលត្រូវបានចាត់ទុកថា ជាភាពមិនសមរម្យនោះឡើយ។ ទាក់ទងឈ្មោះផ្លូវការរបស់វីរុសកូរ៉ូណាថ្មី WHO បានប្រាប់ថា ឈ្មោះចុងក្រោយកំពុងស្ថិតក្រោមការសម្រេច ជាចុងក្រោយរបស់គណៈកម្មាធិការអន្តរជាតិ (International Committee on Taxonomy of Viruses)៕