(ប៉េកាំង)៖ ប្រទេសចិនកំពុងបន្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃ នៅគ្រប់ទម្រង់ទាំងអស់ ចំពោះមុខការរីករាលដាលនៃវីរុសកូរ៉ូណា ដែលបានផ្តាច់ជីវិតមនុស្ស ៧២២នាក់ និងជាង ៣៤,៥០០នាក់ទៀតឆ្លង នៅក្នុងខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។

ជុំវិញប្រតិបត្តិការខាងលើនេះ លោក យ៉ាង ហុងខេន (Yang Hongcan) មន្ត្រីនៃរដ្ឋបាលទីផ្សាររបស់ចិនបានបញ្ជាក់ថា ប្រទេសចិនបានផ្អាកនូវរាល់ការជួញដូរសត្វព្រៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus ឬ 2019-nCoV) ដោយសារមានការសង្ស័យជាច្រើនថា ពួកវាជាប្រភពដើមនៃការកកើតវីរុសកូរ៉ូណាថ្មី។

គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ប្រតិបត្តិករទីផ្សារចិនបានធ្វើការអង្កេតតាមផ្សារលក់ទំនិញចំនួន ៣,៧០០កន្លែងនៅទូទាំងប្រទេស ប្រមាណជាង ១.៥លានដងឯណោះ ដើម្បីស្វែងរកបទល្មើសនៃការរត់ពន្ធ សត្វព្រៃ។ នៅក្នុងប្រតិបត្តិការរយៈពេលកន្លះខែនេះ អាជ្ញាធរចិនបានបិទទីតាំងលក់សត្វព្រៃ បំពានបម្រាមប្រមាណជាង ១៦,០០០កន្លែងឯណោះ៕