(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរីនាថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី 2019-nCoV ចំនួន ០៧នាក់ថែមទៀត ធ្វើឲ្យករណីសរុបនៅក្នុងប្រទេសសិង្ហបុរីឡើងដល់៤០ករណី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី ករណីថ្មីទាំង៧នោះ រួមមានអ្នកបើករថយន្តតាក់ស៊ីម្នាក់ អ្នកស៊ីឈ្នួលបើករថយន្តលក្ខណៈឯកជនម្នាក់ បុគ្គលិកពីរនាក់របស់ឱសថស្ថានឈ្មោះ Yong Thai Hang ហើយពីរនាក់ទៀត គឺអ្នកដែលបានចូលរួមកិច្ចប្រជុំក្រុមហ៊ុនអន្តរជាតិមួយនៅសណ្ឋាគារ Grand Hyatt។ អ្នកទាំង៧ មិនធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិនឡើយ នាពេលថ្មីៗនេះ។

ចំណែក ក្នុងចំណោមករណីសរុបទាំង៤០វិញ នៅក្នុងប្រទេសសិង្ហបុរី មានអ្នកជំងឺ៤នាក់ កំពុងតែស្ថិតក្នុងស្ថានភាពដុនដាប ខណៈពីរនាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរជម្រាបថា បើតាមរបាយការណ៍ចុងក្រោយបំផុតរបស់អាជ្ញាធរសុខាភិបាលចិន មនុស្សសរុបកើនដល់៧២៣នាក់បានស្លាប់ ដោយសារវីរុសកូរ៉ូណា 2019-nCoV នៅក្នុងប្រទេសចិន រីឯចំនួនអ្នកឆ្លងបានកើនដល់ជាង៣៤,០០០ករណី៕