(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា មនុស្ស២៧នាក់ ក្នុងនោះរួមមានទាហានដែលជាខ្មាន់កាំភ្លើង បានបាត់បង់ជីវិត ហើយ ៥២នាក់ផ្សេងទៀតរងរបួស ក្រោយផ្ទុះការបាញ់ប្រហារដ៏សាហាវមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ប្រាយុទ្ធ ធ្វើការកត់សម្គាល់ខាងលើ នាឱកាសចុះសួរសុខទុក្ខអ្នករងរបួស នៅឯមន្ទីរពេទ្យ ក្នុងទីក្រុង Nakhon Ratchasima ជាមួយការបញ្ជាក់ដែរថាមូលហេតុ ដែលជំរុញឱ្យទាហានឈ្មោះ Jakraphanth Thomma បើកការបាញ់ប្រហារដ៏សាហាវនេះ គឺដោយសារតែគំនុំគំគួន និងមានការខឹងសម្បារលើកិច្ចព្រមព្រៀងដីធ្លីមួយ ដែលគាត់មានអារម្មណ៍ថាត្រូវបានគេបោកប្រាស។ លោក ប្រាយុទ្ធ បានគូសបញ្ជាក់បន្ថែម ដូច្នេះថា៖ «វាគឺជាការបាញ់ប្រហារមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសថៃ ហើយខ្ញុំមិនចង់ទង្វើបែបនេះកើតឡើងជាថ្មីម្ដងទៀតនោះទេ»

កំឡុង និងមុនពេលបើកការបាញ់ប្រហារ ទាហានជាខ្មាន់កាំភ្លើង បានបង្ហោះសារមួយចំនួននៅលើ Facebook ដែលមានខឹ្លមសារដូច្នេះថា៖ «ខ្ញុំពិតជានឿយហត់ណាស់... ខ្ញុំមិនអាចកម្រើកសូម្បីតែម្រាមដៃរបស់ខ្ញុំ។ តើខ្ញុំគួរតែចុះចាញ់មែនទេ? ... រកស៊ីមានបានដោយសារតែពុករលួយ និងកេងប្រវ័ញ្ចពីអ្នកដទៃ។ តើពួកគេគិតថាអាចយក លុយទាំងនោះទៅចាយ នៅឋានរកមែនឬទេ»

គួរជម្រាបថា កាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញ ទាហានម្នាក់ឈ្មោះ Jakraphanth Thomma បានបាញ់សម្លាប់មេបញ្ជាការម្នាក់របស់ខ្លួនឯង និងមនុស្សពីរនាក់ ផ្សេងទៀត នៅឯបន្ទាយទ័ព Surathampithak ហើយបានលួចយកកាំភ្លើងម៉ាក M60 machine gun រត់គេចខ្លួនសំដៅទៅរកផ្សារទំនើបមួយ នៅក្នុងទីក្រុង Nakhon Ratchasima (Korat) និងបានបើកការបាញ់ប្រហារលើហ្វូងមនុស្សតែម្ដង។ ខ្មាន់កាំភ្លើងរូបនេះត្រូវបានប៉ូលិសបាញ់សម្លាប់ នៅឯផ្សារទំនើបខាងលើ នៅព្រឹកថ្ងៃអាទិត្យនេះ៕