(ប៉េកាំង)៖ អាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) ជាកន្លែងផ្ទុះឡើងខ្លាំងក្លាបំផុតនៃវីរុសផ្លូវដង្ហើម COVID-19 ដែលយើងគ្រប់គ្នាតែងហៅកន្លងមកថា វីរុសកូរ៉ូណាថ្មី បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា មនុស្សសរុប ២៤២នាក់បន្ថែមទៀតបានស្លាប់ និង ១៤,៨៤០នាក់ឆ្លងកាលពីថ្ងៃពុធម្សិលមិញនេះ ដែលជាហេតុធ្វើឲ្យចំនួនមនុស្សស្លាប់សរុបទូទាំងប្រទេសចិន កើនឡើងដល់ ១,៣៥៥នាក់ និងឆ្លងជិត ៦០,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ CNA។

បើយើងពិនិត្យតាមតួលេខខាងលើនេះ គឺជាត្រូវបានចាត់ទុកថា ជាការកើនឡើងវិញយ៉ាងគំហុកនៃអត្រាអ្នកស្លាប់ និងឆ្លងវីរុស COVID-19 ហើយអាជ្ញាធរខេត្តហ៊ូប៉ី និងជាពិសេសទីក្រុងវូហាន (Wuhan) បានធ្វើការបកស្រាយថា ក្រុមជំនាញវេជ្ជសាស្ត្រនៅទីនោះ កំពុងតែផ្លាស់ប្តូរវិធីសាស្ត្រទប់ទល់នឹងវីរុស COVID-19។

គួរបញ្ជាក់ថា សម្រាប់ការផ្លាស់ប្តូរវិធីសាស្ត្រវិនិច្ឆ័យរោគ និងព្យាបាលខាងលើនេះ គឺត្រូវបានអាជ្ញាធរចិនពន្យល់ថា ករណីសង្ស័យជាច្រើនអំពីការឆ្លងវីរុស COVID-19 ឬ កូរ៉ូណាថ្មីត្រូវបានដាក់ឲ្យត្រួតពិនិត្យបន្ថែមលឿនជាងមុន ហើយវិធីសាស្ត្រក្នុងការព្យាបាលអ្នកជំងឺ នៅក្នុងខេត្ត និងទីក្រុងមួយចំនួនរបស់ចិន ដែលកន្លងមកនេះហាក់មានប្រសិទ្ធភាពនោះ ត្រូវបានយកមកអនុវត្តនៅខេត្តហ៊ូប៉ី និងទីក្រុងវូហានផងដែរ៕