(ប៉េកាំង)៖ នាថ្ងៃព្រហស្បតិ៍នេះខេត្ត ហ៊ូប៉ី (Hubei) របស់ចិន បានរាយការណ៍អំពីការកើនឡើងខ្ពស់ជាងរាល់ដង នៃករណីវីរុសកូរ៉ូណាថ្មី (COVID-19) ក្រោយពីការចាប់ផ្តើមអនុវត្តវិធីសាស្រ្តថ្មីនៃការរាប់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

កាលពីថ្ងៃពុធម្សិលមិញ អ្នកស្លាប់ដោយសារវីរុស COVID-19 នៅខេត្ត Hubei មានចំនួន ២៤២នាក់បន្ថែមទៀត ដែលជាកំណើនតួលេខប្រចាំថ្ងៃខ្ពស់បំផុត ហើយករណីឆ្លងវិញក៏ដូចគ្នាដែរ គឺមានចំនួនរហូតដល់ ១៤,៨៤០នាក់បន្ថែមទៀតឯណោះ។ អាជ្ញាធរសុខាភិបាលនៃខេត្ត Hubei បានឲ្យដឹងថា ចាប់ពីពេលនេះទៅពួកគេបានសម្រេច ចាប់ផ្តើមរាប់បញ្ចូលអ្នកដែលធ្វើរោគវិនិច្ឆ័យ តាមប្រព័ន្ធស្គែនរាងកាយ CT ទៅក្នុងតួលេខផ្លូវការដែរ ខណៈកន្លងមកនេះ ទាល់តែមានការធ្វើតេស្តលក្ខណៈលម្អិត RNA ដែលជាទូទៅអាចប្រើពេលយូរថ្ងៃសិន ទើបត្រូវរាប់បញ្ចូលជាតួលេខផ្លូវការ។

គួរជម្រាបថា ក្នុងចំណោមករណីថ្មីទាំង ១៤,៤៨០ មាន ១៣,៣៣២ករណី រាប់តាមវិធីសាស្រ្តថ្មីខាងលើ ហើយក្នុងចំណោមករណីអ្នកស្លាប់ថ្មីទាំង ២៤២នាក់ មាន ១៣៥ករណី ត្រូវបានរាប់តាមវីធីសាស្រ្តថ្មីនេះ។ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ចំនួនអ្នកផ្ទុកវីរុស COVID-19 ក្នុងខេត្ត Hubei មានចំនួន ៤៨,២០៦នាក់ ខណៈអ្នកស្លាប់មានចំនួន ១,៣១០នាក់។ សម្រាប់ចំនួនឆ្លងវីរុសសរុបនៅទូទាំងប្រទេសគឺជិត ៦០,០០០នាក់ និងអ្នកស្លាប់ ១,៣៥៥នាក់៕