(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរជប៉ុនបានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅលើនាវាទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ដែលកំពុងចតនៅកំពង់ផែយ៉ូកូហាម៉ា (Yokohama) នោះ បានកើតឡើងដល់ ២៨៥នាក់ហើយ ក្រោយពីអ្នកឆ្លងថ្មីៗ ៦៧នាក់ទៀតត្រូវបានពិនិត្យឃើញ។

 

២៖ ភ្ញៀវទេសចរចិនម្នាក់មានវ័យ ៨០ឆ្នាំត្រូវបានអាជ្ញាធរបារាំងបញ្ជាក់ថា បានបាត់បង់ជីវិតហើយដោយសារតែវីរុស COVID-19 ឬកូរ៉ូណាថ្មី ដែលនេះគឺជាករណីស្លាប់ដំបូង នៅក្នុងប្រទេសបារាំង និងសម្រាប់ទ្វីបអឺរ៉ុបទាំងមូល។

 

៣៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដែលជាម្មសិទ្ធិរបស់រដ្ឋាភិបាលស៊ីរីត្រូវបានបាញ់ទម្លាក់ នៅភាគខាងលិចនៃទីក្រុងអាឡេប៉ូ ដែលជាទីលានប្រយុទ្ធយ៉ាងក្តៅគគុក ចុងក្រោយរបស់រដ្ឋាភិបាល ដើម្បីដណ្តើមយកមកកាន់កាប់វិញពីពួកឧទ្ទាមប្រដាប់អាវុធ។

 

៤៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា អាជ្ញាធររបស់លោកមិនបានចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) បញ្ជូនទៅពន្ធនាគារដោយសារតែតុលាការមិនបានចេញបញ្ជា។ ប៉ុន្តែព្រមពេលជាមួយគ្នាលោកព្រមានថា ការចាប់ខ្លួនលោក Guaido អាចនឹងត្រូវធ្វើឡើង។

 

៥៖ ក្រសួងសុខាភិបាលអេហ្ស៊ីប បានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសរបស់ខ្លួនហើយ ដែលនេះគឺជាករណីឆ្លងដំបូងគេបំផុតនៅក្នុងទ្វីបអាហ្វ្រិក។

 

៦៖ គណៈកម្មការសុខាភិបាលចិនបានរាយការណ៍ឲ្យដឹង នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា មនុស្សស្លាប់ដោយសារវីរុស COVID-19 ឬកូរ៉ូណាថ្មី នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ១,៥១៩នាក់ហើយ និងជាង ៦៦,០០០នាក់ទៀតឆ្លង ខណៈខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) គឺនៅតែជាចំណុចរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត៕