(សេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃសៅរ៍ម្សិលមិញ បានរាយការណ៍ថា ប្រមុខដឹកនាំកំពូលរបស់ ប្រទេសកូរ៉េខាងជើងគឺ លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់វិមាន Kumsusan ជាទីរក្សាសពអតីតមេដឹកនាំកូរ៉េខាងជើង នាឱកាសខួបលោក គីម ជុងអ៉ីល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន KCNA គឺពុំបានបញ្ជាក់ថា លោក គីម ជុងអ៊ុន បានទៅគោរពវិញ្ញាណក្ខន្ធនៅវិមាន Kumsusan ដែលជាកន្លែងរក្សាសាកសពឪពុកលោក គឺលោក គីម ជុងអ៉ីល និងជីតាលោក ដែលជាបិតាស្ថាបនិកនៃកូរ៉េខាងជើង គឺលោក គីម អ៉ីលស៊ុង នៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃណាឡើយ ប៉ុន្តែវាធ្វើឡើងក្នុងឱកាសខួបរបស់លោក គីម ជុងអ៉ីល។

គួរជម្រាបថា ថ្ងៃអាទិត្យនេះ គឺថ្ងៃទី១៦ ខែកុម្ភៈ គឺជាខួបកំណើតទី៧៨របស់លោក គីម ជុងអ៉ីល។ ដោយឡែក ការធ្វើដំណើរទៅ កាន់វិមាន Kumsusan គឺជាការបង្ហាញមុខជាសាធារណៈជាលើកដំបូងរបស់លោក គីម ជុងអ៊ុន គិតចាប់តាំងតែពីលោកត្រូវបានគេ ឃើញចូលរួមកម្មវិធីប្រគំតន្រ្តីមួយនៅព្យុងយ៉ាង ក្នុងឱកាសអបអរបុណ្យចូលឆ្នាំចិន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ពោលគឺ តាំងតែពីជំងឺ COVID-19 នៅក្នុងប្រទេសចិន ដែលជាអ្នកជិតខាងរបស់កូរ៉េខាងជើង បានផ្ទុះឡើងខ្លាំង។ យ៉ាងណាមិញ មិនមាន ករណីជំងឺនេះ ត្រូវបានរាយការណ៍ថា រាលដាលទៅដល់ប្រទេសកូរ៉េខាងជើងឡើយ៕