(កូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានគូសបញ្ជាក់ជុំវិញករណីផ្ទេរតំណែងជានាយករដ្ឋមន្ត្រីរបស់លោក ទៅឲ្យលោក Anwar Ibrahim យ៉ាងដូច្នេះថា «មិនទាន់មានកាលបរិច្ឆេទច្បាស់លាស់ណាមួយ ត្រូវបានកំណត់នោះឡើយ»។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នាថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ ២០២០។

លោក Mahathir បានថ្លែងប្រាប់សន្និសីទកាសែតនៅឯទីក្រុង Putrajaya យ៉ាងដូច្នេះថា៖ «កាលកំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដែលហៅកាត់ APEC កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ខ្ញុំបាននិយាយរួចហើយថា គ្មានពេលវេលា គ្មានកាលបរិច្ឆេទ គឺមិនមានអ្វីទាំងអស់ ដោយវាអាស្រ័យលើខ្ញុំជាអ្នកសម្រេចប៉ុណ្ណោះ»

លោក Anwar ដែលមានវត្តមានក្នុងសន្និសីទកាសែតដែរនោះ បាននិយាយថា «ខ្ញុំចង់ឲ្យមានចន្លោះពេលវេលាខ្លះសម្រាប់លោក Mahathir ហើយនៅពេលការផ្ទេរតំណែងត្រូវមកដល់ លោកប្រាកដជាកំណត់យកកាលបរិច្ឆេទច្បាស់លាស់មួយ សម្រាប់ការផ្ទេរតំណែងជាមិនខាន ហើយនាពេលនេះ ខ្ញុំត្រូវតែរង់ចាំដោយអត់ធ្មត់»

គួរជម្រាបថា លោក Mahathir Mohamad ដែលបច្ចុប្បន្ន មានអាយុ៩៤ឆ្នាំ គឺជានាយករដ្ឋមន្រ្តីកំពុងកាន់អំណាច មានវ័យចំណាស់បំផុត នៅលើពិភពលោក៕