(រ៉ូម)៖ ការផ្ទុះមេរោគឆ្លងកូរ៉ូណាថ្មី ឬ COVID-19 នៅភាគខាងជើងប្រទេសអ៉ីតាលី កាន់តែមានសភាពធ្ងន់ធ្ងរឡើងហើយ ដោយចំនួនអ្នកឆ្លងបានកើនដល់ជាង ៣៥០ករណី ក្នុងនោះក៏មានក្មេងៗមួយចំនួនផងដែរ ខណៈមនុស្សស្លាប់សរុប បានកើនឡើងដល់ ១១នាក់។ បន្ថែមពីនេះក្មេងៗមួយចំនួន ក៏ត្រូវបានធ្វើតេស្តរកឃើញមេរោគ COVID-19 ផងដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរអ៉ីតាលីបានបញ្ជាក់ឲ្យដឹងថា ការឆ្លងជាង ៣០ករណីបន្ថែមទៀត ត្រូវបានរកឃើញនៅក្នុងថ្ងៃពុធនេះ នៅតំបន់ធំៗចំនួនពីរគឺឡុមបាឌី (Lombardy) និងវែនណេតូ (Veneto) ដែលស្ថិតនៅក្បែរខាងគ្នា។ តំបន់ទាំងពីរនេះ គឺស្ថិតនៅភាគខាងជើង ប្រទេសអ៉ីតាលី ដោយមានទីក្រុងហិរញ្ញវត្ថុ មីឡេន (Milan) ស្ថិតនៅក្នុងនោះផងដែរ។

គួរបញ្ជាក់ថា តំបន់ Lombardy មានអ្នកឆ្លងមេរោគ COVID-19 ដែលត្រូវបានរកឃើញសរុប ២៥៩ករណី ខណៈតំបន់ Veneto វិញមានសរុប ៥៨ករណី។ បច្ចុប្បន្នតំបន់ទាំងពីរត្រូវបានរដ្ឋាភិបាលអ៉ីតាលីបិទទ្វារ ដើម្បីបង្ការកុំឲ្យមានការរីករាលដាលមេរោគ COVID-19 ទៅកាន់តំបន់ផ្សេងៗទៀត ខណៈប្រជាជននៅតំបន់ទាំងពីរនេះ មានសរុបជាង ១០,០០០នាក់៕