(ប៉ារីស)៖ អាជ្ញាធរសុខាភិបាលបារាំងបានរាយការណ៍ឲ្យដឹងថា បុរសម្នាក់វ័យ ៦០ឆ្នាំ បានក្លាយជាជនរងគ្រោះជាជនជាតិបារាំងដំបូងបង្អស់ ដែលបានស្លាប់ដោយជំងឺ COVID-19 ខណៈករណីឆ្លងថ្មីៗត្រូវបានរាយការណ៍ ០៣ករណីបន្ថែមទៀត ដែលនាំឲ្យប្រទេសអ៊ឺរ៉ុបមួយនេះមានអ្នកឆ្លង COVID-19 សរុប ១៧ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំងហ្វ្រង់ ២៤ (Franch24) នាយប់ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ហ្សែរ៉ូម សាឡូម៉ុង (Jerome Salomon) អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងបានគូសបញ្ជាក់ថា បុរសជនជាតិបារាំងរូបនោះ បានស្លាប់ទាំងយប់បន្ទាប់ពីត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យមួយកន្លែង ស្ថិតក្នុងទីក្រុងប៉ារីស ក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ។ ប្រការនេះបានធ្វើឲ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសនេះកើនដល់ ០២នាក់ ខណៈជនរងគ្រោះដែលបានស្លាប់ដំបូងគេនៅលើទឹកដីបារាំង គឺជាអ្នកទេសចរចិនវ័យ ៨០ឆ្នាំដែលបានស្លាប់ កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ លោក Jerome Salomon បាននិយាយថា បុរសជនជាតិបារាំងអាយុ ៦០ឆ្នាំរូបនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទៅហើយ នៅពេលត្រូវបានក្រុមជំនាញធ្វើតេស្តរលឃើញលទ្ធផល «វិជ្ជមាន» នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ហើយជាអកុសលគាត់បានស្លាប់នៅពេលយប់នោះតែម្តង៕