(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងនៅល្ងាចថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ខ្លួនរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១៧១ករណីបន្ថែមទៀត ដែលនេះធ្វើឱ្យចំនួនអ្នកឆ្លងកើនដល់ ៥០៥ករណីក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ខណៈអ្នកឆ្លងសរុបនៅទូទាំងប្រទេសហក់ឡើងដល់ទៅជាង ១,៧៦៦ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង មកទល់នឹងពេលនេះជំងឺ COVID-19 ១៣នាក់ក៏បានស្លាប់ផងដែរ ហើយក្នុងចំណោមករណីឆ្លងថ្មី ១៧១ខាងលើ ក្នុងនោះមាន ១១៥ករណី ត្រូវបានគេរាយការណ៍ចេញពីទីក្រុងដេគូ (Daegu) និង ២៤ករណីនៅក្នុងខេត្ត គ្យុងសាងខាងជើង (North Gyeongsang) ដែលស្ថិតនៅក្បែរគ្នា។

លើសពីនេះទៅទៀត ចំនួនករណីឆ្លងទាំង ៥០៥ករណី ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងមកនេះ គឺមានចំនួនច្រើនជាងករណីឆ្លងនៅក្នុង ប្រទេសចិនទៅទៀតដែលមានតែ ៤៣៣ករណីឆ្លងថ្មីគិតត្រឹមរយៈពេលដូចគ្នានេះ៕