(សេអ៊ូល)៖ ទីបំផុតរបាយការណ៍ថ្មីត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងបញ្ចេញមកហើយ នៅព្រឹកថ្ងៃចន្ទនេះ ដោយចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសអាស៊ីបូព៌ាមួយនេះ បានកើនឡើងដល់៤,២១២នាក់ ខណៈទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើងដែលស្ថិតនៅជាប់របងគ្នា គឺជាតំបន់ដែលរ៉ាប់រងករណីស្ទើរតែទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។

គិតមកទល់នឹងព្រឹកថ្ងៃចន្ទនេះ មនុស្សស្លាប់សរុបដោយសារជំងឺ COVID-19 មានចំនួន ២២នាក់។ តួលេខខាងលើនេះត្រូវបានគេមើលឃើញថា ជាអត្រាកើនឡើងប្រចាំថ្ងៃ នៃអ្នកឆ្លងមេរោគកូរ៉ូណាថ្មីនេះ ខ្ពស់ជាងនៅប្រទេសចិនទៅទៀត ខណៈនៅព្រឹកថ្ងៃចន្ទនេះអ្នកឆ្លង COVID-19 ថ្មីៗមានចំនួន៤៧៦ករណី ក្នុងនោះ៣៧៧ករណីនៅទីក្រុងដេគូ និង៦៨ករណីនៅខេត្តគ្យុងសាងខាងជើង ដែលមានចម្ងាយ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល៕