(ប៉ារីស)៖ មន្ត្រីរដ្ឋាភិបាលបារាំងបានឲ្យដឹងថា សាលារៀនយ៉ាងហោចណាស់ ១២០កន្លែង នៅតាមតំបន់ដែលកំពុងមានអ្នកឆ្លងមេរោគ COVID-19 ត្រូវបានសម្រេចឲ្យបិទទ្វារជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។
រដ្ឋមន្ត្រីក្រសួងអប់រំបារាំងលោក ហ្សង់ មីឈែល ប្លង់កឺ (Jean-Michel Blanquer) បានលើកឡើងថា ទាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅក្នុងតំបន់អូវាស (Oise) ស្ថិតនៅភាគខាងជើងទីក្រុងប៉ារីស ទាំងអស់ត្រូវបិទទ្វារជាបណ្តោះអាសន្ន បន្ទាប់ពីអាជ្ញាធរបានរកឃើញការឆ្លងមេរោគ COVID-19 កើនឡើងនៅទីនោះ និងមនុស្ស ០២នាក់រួចទៅហើយបានបាត់បង់ជីវិត។
គួរបញ្ជាក់ថា បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបារាំងមាន ១៩១ករណី ក្នុងនោះអ្នកជំងឺសរុប ០៣នាក់ស្លាប់។ ដោយឡែកសិស្សសាលាចំនួន ២០នាក់ ក្នុងថ្នាក់រៀនមួយនៅសង្កាត់ម៉ុងទ្រាល (Montreuil) ភាគខាងកើតទីក្រុងប៉ារីសវិញ កំពុងស្ថិតនៅក្នុងការពិនិត្យរកមើលវីរុស COVID-19 នៅឡើយ បន្ទាប់ពីសិស្សម្នាក់នៅក្នុងថ្នាក់នោះ ត្រូវបានក្រុមជំនាញបារាំងរកឃើញថា មានផ្ទុកមេរោគដ៏កាចសាហាវនេះ៕