(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងមេរោគ COVID-19 ថ្មីៗសរុបចំនួន ៨៥១នាក់នៅក្នុងថ្ងៃអង្គារនេះ ដែលជាហេតុធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៥,១៨៦ករណី ក្នុងនោះអ្នកជំងឺសរុប ៣១នាក់ហើយបានបាត់បង់ជីវិត។

 

២៖ កងកម្លាំងយោធាកូរ៉េខាងត្បូងចំនួន ០៦នាក់បានទទួលរងរបួស នៅក្នុងការហេតុការណ៍ផ្ទុះគ្រាប់បែក ដោយមិនដឹងមូលហេតុមួយ នៅលើនាវាប្រយុទ្ធល្បឿនលឿន អំឡុងការធ្វើសមយុទ្ធយោធានៅតំបន់ឆ្នេរ ភាគខាងត្បូងប្រទេស។

 

៣៖ ភ្នំភ្លើងមើរ៉ាពី (Merapi) ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងយ៉ាងកក្រើក និងជះកម្អែលផេះកប់ផ្ទៃអាកាសក្នុងរយៈកម្ពស់ដល់ទៅ ០៦គីឡូម៉ែត្រឯណោះ ហើយផ្ទះសម្បែងប្រជាជនដែលរស់នៅជុំវិញនោះ ត្រូវបានផេះគ្របសង្កត់អស់ទៅហើយ។

 

៤៖ នៅប្រទេសអ៊ីតាលី ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនដល់ ៥២នាក់ហើយ ខណៈចំនួនអ្នកឆ្លងសរុប ដែលបានបញ្ជាក់នៅក្នុងប្រទេសអ៊ឺរ៉ុបដែលកំពុងរងផលប៉ះពាល់ ដ៏អាក្រក់បំផុតមួយនេះ បានកើនលើសពី ២,០០០នាក់ហើយ។

 

៥៖ មន្ត្រីរដ្ឋាភិបាលបារាំងបានឲ្យដឹងថា សាលារៀនយ៉ាងហោចណាស់ ១២០កន្លែង នៅតាមតំបន់ដែលកំពុងមានអ្នកឆ្លងមេរោគ COVID-19 ត្រូវបានសម្រេចឲ្យបិទទ្វារជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត។

 

៦៖ យោងតាមរបាយការណ៍ចុងក្រោយបំផុត ដែលចេញផ្សាយដោយក្រសួងសុខាភិបាលអ៉ីរ៉ង់កាលពីយប់ថ្ងៃចន្ទ តួលេខអ្នកដែលបានឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់បានកើនដល់ជាង១,៥០០ករណី ក្នុងនោះ៦៦នាក់ស្លាប់៕