(អង់ការ៉ា)៖ យោធាតួកគី បានបាញ់ទម្លាក់យន្ដហោះចម្បាំងមួយគ្រឿងបន្ថែមទៀតរបស់រដ្ឋាភិបាលស៊ីរី នៅក្នុងខេត្ត Idlib ជាទីដែលការវាយប្រយុទ្ធគ្នារវាងគូជម្លោះទាំងពីរ ឡើងកម្ដៅកាន់តែខ្លាំង នារយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។
បើតាមក្រសួងការពារជាតិតួកគី យន្ដហោះចម្បាំងខាងលើ ដែលត្រួវបានបាញ់ទម្លាក់គឺជាយន្ដហោះចម្បាំងធុន L-39 ហើយនេះគឺជាយន្ដហោះចម្បាំងទី៣របស់ស៊ីរី ដែល ត្រូវបានតួកគី បាញ់ទម្លាក់ចាប់តាំងពីថ្ងៃអាទិត្យ សប្ដាហ៍មុនមក។ លើសពីនេះទៅទៀត ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA ក៏បានទទួលស្គាល់ដែរថា យន្ដហោះចម្បាំង របស់ខ្លួន ពិតជាត្រូវបានបាញ់ទម្លាក់នៅក្នុងខេត្ត Idlib ដោយមីស៊ីលបាញ់ចេញពីយន្ដហោះចម្បាំងតួកគី។
គួរជម្រាបថា ភាពតានតឹងរវាងតួកគី និងស៊ីរី មានរុស្ស៊ីជាខ្នងបង្អែក បានផ្ទុះឡើងខ្លាំង ក្រោយទាហានតួកគី៣៤នាក់ បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់យន្ដហោះចម្បាំងស៊ីរីកាលពីសប្ដាហ៍មុន នៅខេត្ត Idlib ជាទីដែលកងទ័ពរដ្ឋាភិបាលស៊ីរី កំពុងធ្វើប្រតិបត្តិការយោធាវាយយកខេត្តមួយនេះ ពីក្រុមឧទ្ទាមស៊ីរី ក្នុងនោះរួមមានទាំងកងជីវពលគាំទ្រ ដោយទីក្រុងអង់ការ៉ាផងដែរ។ ក្រោយជម្លោះនេះកើតឡើង តួកគីបានបើកច្រកព្រំដែន ឱ្យជនភៀសខ្លួនស៊ីរីរាប់ពាន់នាក់ធ្វើដំណើរ ទៅព្រំដែនក្រិក ដើម្បីចូលទៅដល់បណ្ដាប្រទេសអ៉ឺរ៉ុប ខណៈមានការភ័យខា្លចកាន់តែច្រើនឡើងថាវិបត្តិជនភៀសខ្លួនដូចកាលពីឆ្នាំ២០១៦ អាចនឹងផ្ទុះឡើងជាថ្មី៕