(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃអង្គារនេះ បានជម្រុញឲ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ ចំពេលដែលមានសញ្ញាកើនឡើង នៃការសម្រុកទៅទិញទំនិញ នៅផ្សារទំនើប និងកន្លែងឪសថស្ថាន បន្ទាប់ពីឥណ្ឌូនេស៊ីបានប្រកាសថា ខ្លួនបានរកឃើញករណីឆ្លងវីរ៉ុស COVID-19 ជាលើកដំបូង, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ។
លោកប្រធានាធិបតី បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ នាវិមាន State Palace ថា «ប្រជាពលរដ្ឋមិនចាំបាច់ទិញ គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ ស្តុកទុកច្រើនហួសនោះទេ, លោកថា ការទិញទុកច្រើនបែបនេះនឹងធ្វើឲ្យមានទំនិញខ្វះខាតទំនិញ ហើយរដ្ឋាភិបាលធានានូវមូលដ្ឋានទំនិញ និងឱសថ»។
លោកប្រធានាធិបតី បានណែនាំសមាជិកគណៈរដ្ឋមន្រ្តីរបស់ខ្លួនឲ្យចាត់វិធានការ ដើម្បីធានាបាននូវមូលដ្ឋានទំនិញនិងឱសថ។ ព្រមជាមួយនោះ រដ្ឋាភិបាល ក៏កំពុងណែនាំដល់ផ្សារទំនើប និងអ្នកលក់រាយ ឲ្យចាប់ផ្តើមលក់ទំនិញមានចំនួនកំណត់ ដើម្បីការពារប្រជាជនពីការទិញស្តុកទុក។
ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលប្រកាសពីការរកឃើញករណីឆ្លងចំនួន២ដំបូងនៃវីរ៉ុស COVID-19, ប្រជាជន នៅតំបន់ Greater Jakarta Area បាននាំគ្នាសម្រុកទៅ ផ្សារទំនើប និងផ្សារលក់រាយបែបប្រពៃណី ដើម្បីទិញទំនិញ និងថ្នាំពេទ្យ។ មនុស្សជាច្រើន បានតម្រង់ជួរគ្នា ហើយ ម៉ាស់មុខ, ស្រោមដៃ និងមី បានលក់អស់ពីផ្សារ។
លោក Satria Hamid អនុប្រធានផ្សារទំនើប Transmart Carrefour បានបញ្ជាក់ថា ផ្សាររបស់លោក ស្ថិតក្នុងតំបន់ Greater Jakarta Area មានកំណើននៃការលក់ ចម្លោះពី៦០ទៅ៧០ភាគរយ នៅថ្ងៃចន្ទម្សិលមិញ៕