(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានបញ្ចេញនូវរបាយការណ៍ថ្មី នៅព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០ នេះដោយបង្ហាញពីចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់ ៥,៣២៨ករណី ខណៈអ្នកជំងឺសរុប ៣២នាក់បានបាត់បង់ជីវិត ដែលភាគច្រើនជាមនុស្សមានវ័យចាស់ជរា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។
សម្រាប់អត្រាឆ្លង ៦០% ក្នុងចំណោមករណីឆ្លងទាំងអស់ សុទ្ធតែមានប្រភពចេញពី ព្រះវិហារគ្រិស្តសាសនា ស៊ីនជុនជី ដែលមានមូលដ្ឋាននៅទីក្រុងដេគូ (Daegu) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ហើយខេត្តគ្យុងសាងខាងជើងដែលស្ថិតនៅជាប់ ទីក្រុងដែលមានប្រជាជនរស់នៅ ២.៥លាននាក់នោះ ក៏កំពុងរងគ្រោះធ្ងន់ដូចគ្នា ដោយសារតែការឆ្លងមេរោគ COVID-19 បន្តកើនឡើងយ៉ាងគំហុក។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរកូរ៉េខាងត្បូង ក្នុងចំណោមករណីឆ្លងវីរុសទាំងអស់ ដែលត្រូវបានរកឃើញនៅក្នុងទីក្រុង ដេគូ មានការឆ្លង ២,៣០០ករណីជាប់ពាក់ព័ន្ធទៅនឹងព្រះវិហារស៊ីនជុនជី។ ដោយឡែកក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងនៅ ដេគូ ប្រមាណ ១១,០០០នាក់ ដែលមិនធ្លាប់មានប្រវត្តិទាក់ទងនឹងព្រះវិហារខាងលើនេះ ក្រោយធ្វើតេស្តរួច ក្រុមជំនាញបានរកឃើញ ១,៣០០នាក់ក្នុងចំណោមពួកគេមានផ្ទុក COVID-19៕