(ឡូសអាន់ជែលឡែស)៖ ចំនួនអ្នកស្លាប់ដោយសារមេរោគឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិកបានកើនដល់ ០៩នាក់ ហើយជនរងគ្រោះទាំងអស់សុទ្ធតែជា អ្នករស់នៅក្នុងរដ្ឋវ៉ាស៊ីនតោនស្ទេត ស្ថិតនៅភាគខាងលិចប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលអាមេរិក អ្នកជំងឺ COVID-19 សរុប ០៨នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងតំបន់ ឃីង (King County) និងម្នាក់ក្នុងតំបន់ក្បែរ ស្នូណូមីស (Snohomish County)។ ចំណែកឯអ្នកឆ្លងវិញក៏បានកើនដល់ច្រើនជាង ១០០នាក់ផងដែរ។
ទោះបីជាបែបនេះក្តី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែអះអាងថា សហរដ្ឋអាមេរិកអាចគ្រប់គ្រងស្ថានការណ៍បានដដែល ខណៈលោកផ្ទាល់បានបំពេញទស្សនកិច្ចមួយ ទៅកាន់វិទ្យាស្ថានជាតិសុខាភិបាល នៅខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការផលិតវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ឬ COVID-19៕