(វ៉ាស៊ីនតោន)៖ សមាជិកសភាអ៉ីរ៉ង់ ២៣នាក់ ក្នុងចំណោមសមាជិកសភាសរុប ២៩០នាក់ ត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លងមេរោគ COVID-19។ ទន្ទឹមគ្នា សភាក៏បានសម្រេចិត្តផ្អាកកិច្ចប្រជុំទាំងអស់ ដោយមិនកំណត់ពេលវេលា ហើយថែមទាំងស្នើឱ្យសមាជិកសភាទាំងអស់ លុបចោលជំនួបនានានៅតាម ទីសាធារណៈផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Business Insider នៅព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។
សារព័ត៌មាន Business Insider ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការចេញផ្សាយរបស់សារព័ត៌មាន CNN ដែលបានស្រង់ប្រភពចេញពី ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ YJC។ ទូរទស្សន៍ YJC បានដកស្រង់សម្ដីសមាជិកសភា លោក អាបដូលរ៉េហ្សា មែស្រ៊ី (Abdolreza Mesri) បានបញ្ជាក់ថាសមាជិកសភាទាំង ២៣នាក់ ដែលឆ្លង COVID-19 គឺកំពុងស្ថិតនៅក្នុងស្ថានភាពនឹងនរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា តើអ្នកទាំងនេះឆ្លងជំងឺនេះ តាំងពីពេលណាមកនោះទេ។
មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ ០៧នាក់ហើយ ក្នុងនោះរួមមានទាំងអនុប្រធានាធិបតី លោកស្រី ម៉ាសួម៉េហ៍ អេបថេការ (Masoumeh Ebtekar), អនុរដ្ឋមន្ត្រីសុខាភិបាល លោក អ៉ីរ៉ាច ហារីជី (Iraj Harirchi) បានឆ្លង COVID-19 ខណៈ លោក ម៉ូហាំម៉ដ ម៉ឺម៉ូហ៍ហាំម៉ាឌី (Mohammad Mirmohammadi) ដែលជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ រួមទាំងអតីតអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំបុរីវ៉ាទីកង់ ហាឌី ខូសរ៉ូហ្សាហ៊ី (Hadi Khosroshahi) បានបាត់បង់ជីវិត ដោយសារជំងឺឆ្លងមួយនេះ។
បើតាមក្រសួងសុខាភិបាលអ៉ីរ៉ង់ គិតត្រឹមល្ងាចនៅថ្ងៃអង្គារម្សិលមិញ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនដល់ ៧៧នាក់ហើយ និងឆ្លង ២,៣៣៦នាក់៕