(ម៉ានីល)៖ កងការពារសន្តិសុខប្រធានាធិបតីហ្វីលីពីន PSG នាថ្ងៃចន្ទនេះបានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមអនុគោលការណ៍ «ហាមមិនឲ្យមានការ ប៉ះពាល់ដាច់ខាត» លើប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដើម្បីធានាសុវត្ថិភាពរបស់លោក ឌូតឺតេ នៅចំពោះមុខការឆ្លងជំងឺ COVID-19 ក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។

មេបញ្ជាការកងកម្លាំង PSG លោក Jesus Durante បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «កងការពារ PSG នឹងអនុវត្តយ៉ាងតឹងរ៉ឹងបំផុតនូវ ចំណាត់នេះ ព្រមទាំងចំណាត់ការទប់ស្កាត់ដទៃៗទៀតប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ដើម្បីធានាសុវត្ថិភាពរបស់លោកប្រធានាធិបតី ហើយនិង ក្រុមគ្រួសាររបស់លោក»។

បើតាមលោក Durante អ្នកដែលត្រូវគេរំពឹងថានឹងស្ថិតក្បែរលោក ឌូតឺតេ ជាពិសេសកំឡុងកិច្ចប្រជុំ និងកម្មវិធីផ្សេងៗ នឹងត្រូវឆ្លងកាត់ ការស្គែន និងការធ្វើតេស្តយ៉ាងហ្មត់ចត់បំផុត ដើម្បីស្វែងរក COVID-19 ដោយរួមមានទាំងសមាជិកកងកម្លាំង PSG ផ្ទាល់, អ្នកនយោបាយ និងឥស្សរជននានា។ លោក Durante បានបន្តថា កម្មវិធីជួបជុំមានមនុស្សចូលរួមច្រើនកុះក ដែលលោក ឌូតឺតេ អាចត្រូវអញ្ជើញជាភ្ញៀវកិត្តិយស និងជាវាគ្មិនជាដើមនោះ ក៏នឹងត្រូវឆ្លងកាត់ការវាយតម្លៃ ហើយអាចលុបចោលផងដែរ ដោយមិនមែនដើម្បីតែសុវត្ថិភាពរបស់លោក ឌូតឺតេ ផ្ទាល់នោះទេ គឺដើម្បីសុវត្ថិភាពអ្នកចូលរួមទាំងអស់គ្នាផងដែរ។

គួរជម្រាបថា នៅថ្ងៃចន្ទដដែលនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានប្រកាសភាពអាសន្នផ្នែកសុខាភិបាលផងដែរ ក្រោយពីករណីឆ្លងនៅក្នុង សហគមន៍នៃជំងឺ COVID-19 ត្រូវបានរកឃើញ ក្នុងប្រទេសរបស់លោក។ បច្ចុប្បន្ន ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់១០នាក់ ក្នុងនោះស្លាប់ម្នាក់៕