(ប៊ែរឡាំង)៖ ប្រទេសអាល្លឺម៉ង់បានប្រកាសឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 សរុបបានកើនឡើងដល់ ១,១១២ករណីហើយ ក្រោយពីអ្នកឆ្លងប្រមាណ ២១០នាក់ទៀតត្រូវបានប្រកាសចេញនៅព្រឹកថ្ងៃចន្ទ នេះ (ម៉ោងនៅទីក្រុងប៊ែរឡាំង)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Telegraph នារសៀលថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។

សម្រាប់តំបន់ដែលត្រូវបានរកឃើញថា មានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺតំបន់ ណតស៍រ៉ាញវែសត៍ផេលៀ (North Rhine-Westphalia) ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុត របស់ប្រទេសអាល្លឺម៉ង់ ដោយនៅទីនោះមនុស្សសរុប ៤៨៤នាក់ហើយមានផ្ទុកវីរុសកូរ៉ូណាថ្មី ឬ COVID-19។

គួរបញ្ជាក់ថា ជាវិធានការដើម្បីទប់ស្កាត់ការរីករាលដាលវីរុសបន្ថែម រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់លោក ហ្សេនស៍ ស្ប៉ាន (Jens Spahn) បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលកំពុងរស់នៅក្នុងតំបន់ ដែលកំពុងផ្ទុះករណីឆ្លង COVID-19 ច្រើនជាងគេ គួរតែព្យាយាមស្នាក់នៅក្នុងផ្ទះ និងត្រូវថែរក្សាអនាម័យខ្លួនប្រាណជាប់ជានិច្ច៕