(ប៊ែឡាំង)៖ អាជ្ញាធរសុខាភិបាលប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីករណីស្លាប់ដោយសារជំងឺ COVID-19 ពីរនាក់ដំបូងរបស់ខ្លួននៅក្នុងប្រទេស។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលរដ្ឋ North Rhine-Westphalia បានរាយការណ៍ប្រាប់ទូរទស្សន៍ CNN ថា ការស្លាប់ពីរករណីដំបូងខាងលើនេះ បានកើតឡើងកាលពីថ្ងៃចន្ទម្សិលមិញ នៅក្នុងសង្កាត់ Heinsberg និងនៅទីក្រុង Essen ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់ទូរទស្សន៍ CNN រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Karl-Josef Laumann បាននិយាយថា លោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានលឺដំណឹងស្តីអំពីករណីស្លាប់ទាំងពីរខាងលើ។ លោកលើកឡើងដូច្នេះថា៖ «អារម្មណ៍របស់ខ្ញុំ គឺនៅជាមួយសាច់ញាតិជនរងគ្រោះ។ ខ្ញុំសង្ឈឹមថា ក្រុមគ្រួសារ ពួកគេអាចឆ្លងផុតគ្រាលំបាកមួយនេះ។ ការស្លាប់នេះបង្ហាញថា យើងត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតលើស្ថានការណ៍នៅពេលបច្ចប្បន្ន»

គួរជម្រាបថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក៏មានជនជាតិអាល្លឺម៉ង់ម្នាក់ទៀត បានស្លាប់ដោយសារជំងឺ COVID-19 ដែរ នៅកំឡុងពេលវិស្សមកាល នៅប្រទេសអេហ្ស៊ីប។ ករណី ឆ្លងសរុបនៅប្រទេសអ៊ីរ៉ុប មួយនេះបានកើនឡើងដល់ ១,១១២ នាក់ហើយ បើគិតត្រឹមព្រឹកថ្ងៃអង្គារនេះ ចំនួនអ្នកស្លាប់ក្នុងប្រទេស ទើបតែត្រូវបានរាយការណ៍ថាមានពីរករណី ដំបូងខាងលើនេះហើយ៕