(ប៉េកាំង)៖ មជ្ឈមណ្ឌលគ្រប់គ្រងអវកាសនៅទីក្រុងប៉េកាំង (BACC) បានប្រកាសនៅថ្ងៃអង្គារនេះថា ក្រុមជំនាញចិនទើបតែបានបញ្ចប់ការធ្វើតេស្ត បន្ថែមទៀតលើយានរុករកភពអង្គារ ដែលនឹងត្រូវបាញ់បញ្ជូនទៅកាន់ភពក្រហមមួយនេះ នៅអំឡុងឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

ការធ្វើតេស្តលើកនេះគឺទៅលើប្រព័ន្ធទាក់ទង តាមរយៈរលកសញ្ញា (Wireless Network) ដែលជាឧបករណ៍ចាំបាច់បំផុត សម្រាប់យានរបស់ចិនមួយនេះ ធ្វើទំនាក់ទំនងជាមួយស្ថានីយគ្រប់គ្រងលើភពផែនដី។ BACC បានបញ្ជាក់ថា ការធ្វើតេស្តរបស់ក្រុមជំនាញអវកាសចិន មិនបានទទួលរងផលប៉ះពាល់ដោយសារតែ ការរាតត្បាតរបស់វីរុសកូរ៉ូណាថ្មីនោះឡើយ ហើយក្រុមជំនាញចិននៅតែព្យាយាម ដើម្បីធ្វើឲ្យបេសកកម្មសម្រេចបានជោគជ័យនៅថ្ងៃមុខ។

យោងតាមលោក Cui Xiaofeng ប្រធានគ្រប់គ្រងបេសកកម្មខាងលើនេះ ការគ្រប់គ្រងកម្មវិធីហោះហើរ នៃយានរុករកចិនទៅកាន់ភពអង្គារ នឹងក្លាយជារឿងលំបាកខ្លាំង ខណៈយាននេះនឹងហោះហើរក្នុងទីអវកាស នៅរយៈពេលយ៉ាងហោចណាស់ជិត ៧ខែ ទើបអាចទៅដល់ និងធ្វើការចុះចតនៅភពអង្គារបាន។ ចិនមិនបានបញ្ជាក់ថា នៅថ្ងៃណាខែណា ដែលយានត្រូវរៀបចំបាញ់បង្ហោះនោះឡើយ ប៉ុន្តែវានឹងកើតឡើងនៅក្នុងឆ្នាំ២០២០ ហើយទៅដល់ភពអង្គារនៅឆ្នាំ២០២១៕