(ឡុងដ៍)៖ ជើងហោះហើររាប់ពាន់ជើង ត្រូវបានលុបចោលនៅទូទាំងពិភពលោក ដោយសារការរីករាតត្បាតនៃមេរោគឆ្លង COVID-19 ជាពិសេសគឺនៅសហភាពអ៊ីរ៉ុប ខណៈវិស័យមួយនេះកំពុងទទួលរងផលប៉ះពាល់ ដោយផ្ទាល់ពីការផ្ទុះឡើង នៃជំងឺអាសន្នរោគដ៏កំណាចមួយនេះ។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន BBC នារសៀលថ្ងៃពុធ ទី ១១ ខែមីនា ឆ្នាំ២០២០។

ជើងហោះហើររាប់ពាន់ជើងទៅកាន់ប្រទេសអ៊ីតាលីត្រូវបានលុបចោល ដោយក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើន តួយ៉ាងដូចជាក្រុមហ៊ុន រីយ៉ានអ៊ែរ (Ryanair) បានប្រកាសថា នឹងផ្អាកជើងហោះហើររបស់ខ្លួនទៅ និងមកពីប្រទេសអ៊ីតាលី ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះរហូតដល់ថ្ងៃទី ០៨ ខែមេសាខាងមុខ ដើម្បីជាវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង COVID-19 ខណៈតម្រូវការជាក់ស្តែង ក៏បានធ្លាក់ចុះយ៉ាងគំហុកផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ីហ្ស៊ីជែត (EasyJet) ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតមួយផងដែរនោះ ក៏បានលប់ចោលជើងហោះហើរទាំងអស់របស់ខ្លួន ទាំងទៅ និងមកពីប្រទេសអ៊ីតាលីផងដែរចាប់ពីថ្ងៃទី ១០ ខែមីនា ដល់ថ្ងៃទី ០៣ ខែមេសាខាងមុខ។

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ន័រវែស ឬហៅថា Norwegian Air ក៏បានប្រកាសថា ខ្លួននឹងកាត់បន្ថយជើងហោះហើរប្រមាណ ៣,០០០ជើងក្នុងរយៈពេល ០៣ខែខាងមុខ គឺប្រហែលស្មើរនឹង ១៥% នៃជើងហោះហើរសរុបរបស់ខ្លួន។ ទន្ទឹមនឹងនោះក្រុមហ៊ុន ក៏មានគម្រោងកាត់បន្ថយបុគ្គលិកធ្វើការផងដែរ។ ប្រការនេះត្រូវបានគេមើលឃើញថា វិស័យអាកាសចរណ៍ និងទេសចរណ៍បាន និងកំពុងទទួលរងផលប៉ះពាល់ដោយផ្ទាល់ និងខ្លាំងជាគេ ពីការផ្ទុះរាតត្បាតជំងឺអាសន្នរោគសកល COVID-19៕